អ៊ីតាលីថ្កោលទោសការវាយប្រហារលើក្បួននាវាជំនួយទៅកាន់ហ្កាហ្សា, បញ្ជូននាវាកងទ័ពជើងទឹកទៅជួយ (Video inside)

24-09-2025 20:16

(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានថ្កោលទោសយ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធ ចំពោះការវាយប្រហារមួយកាលពីយប់មិញទៅលើក្បួននាវាអន្តរជាតិមួយ ដែលកំពុងព្យាយាមដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Crosetto ក៏បានបញ្ជាក់ផងដែរថា លោកបានបញ្ជូននាវាកងទ័ពជើងទឹកអ៊ីតាលីមួយគ្រឿងឲ្យធ្វើដំណើរឆ្ពោះទៅកាន់ក្បួននាវានោះ ដើម្បីត្រៀមផ្តល់ជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នករៀបចំក្បួននាវាដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា បាននិយាយកាលពីយប់ថ្ងៃអង្គារថា ពួកគេបានឮសំឡេងផ្ទុះ និងបានឃើញដ្រូនជាច្រើនគ្រឿងវាយប្រហារលើនាវាមួយចំនួនរបស់ពួកគេ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រប្រទេសក្រិក។ សកម្មជនសិទ្ធិមនុស្សសញ្ជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Yasemin Acar បាននិយាយនៅក្នុងវីដេអូមួយថា នាវាចំនួនប្រាំគ្រឿងត្រូវបានវាយប្រហារ។ នាងបានបញ្ជាក់ថា «យើងដឹកត្រឹមតែជំនួយមនុស្សធម៌ប៉ុណ្ណោះ។ យើងគ្មានអាវុធទេ។ យើងមិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ»។

ក្បួននាវា «Global Sumud Flotilla» បានចេញដំណើរពីទីក្រុងបាសេឡូណាកាលពីដើមខែនេះ ក្នុងគោលបំណងបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលនៅហ្កាហ្សា និងផ្តល់ជំនួយដល់តំបន់នោះ។ បច្ចុប្បន្ន ក្បួននាវានេះមាននាវាចំនួន ៥១គ្រឿង ដែលភាគច្រើនកំពុងស្ថិតនៅក្បែរកោះ Crete របស់ក្រិក។ អ្នកចូលរួមដ៏ល្បីល្បាញម្នាក់គឺសកម្មជនបរិស្ថាននាង Greta Thunberg។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនអនុញ្ញាតឲ្យនាវាទាំងនោះទៅដល់តំបន់ហ្កាហ្សាឡើយ។ អ៊ីស្រាអែលបានស្ថិតក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំងជុំវិញសង្គ្រាមរបស់ខ្លួននៅហ្កាហ្សា ដែលបានបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ កាលពីថ្ងៃទី១៦ ខែកញ្ញា អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» នៅលើទឹកដីដែលត្រូវបានហ៊ុមព័ទ្ធនេះ ជិតពីរឆ្នាំបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕