លោក ហ្សេលេនស្គី ថ្លែងនៅ UN៖ «ចូលរួមគ្នាបញ្ឈប់សង្គ្រាមរុស្ស៊ី បើមិនដូច្នេះទេពិភពលោកនឹងប្រឈមមុខនឹងការប្រកួតប្រជែងសព្វាវុធ» (Video inside)
24-09-2025 22:32
(ញូវយ៉ក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មហាអំណាចពិភពលោកកាលពីថ្ងៃពុធ ឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ដោយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានបំណងពង្រីកសង្គ្រាមឲ្យលើសពីព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ្សេលេនស្គី បានអះអាងថា សង្គ្រាមនេះបានរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា «ការពិតគឺសាមញ្ញណាស់ ការបញ្ឈប់សង្គ្រាមនេះ។ គឺចំណាយតិចជាងការដែលត្រូវសាងសង់សាលាមត្តេយ្យក្រោមដី ឬលេនដ្ឋានធំៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយ»។
នៅក្នុងឱកាសនោះដែរ លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនបានសម្រេចចិត្តចាប់ផ្តើមនាំចេញអាវុធរបស់ខ្លួនទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្ត។ លោកបានបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកអាវុធទំនើបរបស់យើង ដើម្បីពង្រឹងសន្តិសុខរបស់អស់លោក។ យើងបានសម្រេចចិត្តបើកការនាំចេញអាវុធ ហើយទាំងនេះគឺជាប្រព័ន្ធដ៏មានឥទ្ធិពលដែលត្រូវបានសាកល្បងនៅក្នុងសង្គ្រាមជាក់ស្តែង»។
ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី បានលើកឡើងពីការរំលោភដែនអាកាសនៅប៉ូឡូញ និងអេស្តូនី ដែលជាសមាជិក NATO ធ្វើជាភស្តុតាងបង្ហាញថា លោក ពូទីន កំពុងសាកល្បងដែនកំណត់ថ្មីៗ។ លោកបានព្រមានថា «ឥឡូវនេះដ្រូនរបស់រុស្ស៊ីកំពុងហោះហើរឆ្លងកាត់អឺរ៉ុប។ លោក ពូទីន ចង់បន្តសង្គ្រាមនេះដោយការពង្រីកវា ហើយគ្មាននរណាម្នាក់អាចមានអារម្មណ៍សុវត្ថិភាពបានទេនៅពេលនេះ»៕