លោក ដូណាល់ ត្រាំ អាចធ្វើទស្សនកិច្ចនៅជប៉ុន អំឡុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី (Video inside)
25-09-2025 09:19
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានរាយការណ៍ថាក្រុមមន្ត្រីអាមេរិក និងជប៉ុនកំពុងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសជប៉ុន នៅក្នុងខែតុលាខាងមុខ។
ដំណើរទស្សនកិច្ចណាមួយទៅកាន់ទីក្រុងតូក្យូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីបូព៌ា និងជាដៃគូដ៏សំខាន់លើបញ្ហាពាណិជ្ជកម្ម និងសន្តិសុខ នឹងកើតមានឡើង ចំពេលប្រទេសទាំង២កំពុងបន្តកិច្ចពិភាក្សាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីពន្ធគយ។ មិនតែប៉ុណ្ណោះ វាក៏អាចនឹងក្លាយជាឱកាសលើកដំបូងរបស់លោក ត្រាំ ដើម្បីជួបជាមួយអ្នកបន្តវេនពី នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងផងដែរ។
ក៏ប៉ុន្តែមន្ត្រីអាមេរិក និងជប៉ុនបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាដំណើរទស្សនកិច្ចផ្លូវការណាមួយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយផែនការអាចប្រែប្រួល។ ចំណែកខាងសេតវិមាន និងក្រសួងការបរទេសជប៉ុនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)ដែលគ្រោងនឹង ប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង។ លោក ត្រាំ កាលពីសប្ដាហ៍មុនបានឱ្យដឹងថារូបលោកនឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងជំនួបទល់មុខជាលើកដំបូងចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៥ នាឱកាសដែលមេដឹកនាំទាំង២ចូលរួមកិច្ចប្រជុំ APEC៕