ប្រធានាធិបតីអ៉ីរ៉ង់ ប្រាប់ UN ជាថ្មីថាអ៉ីរ៉ង់គ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ (Video inside)
25-09-2025 09:58
(យូអិន)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ជាថ្មីម្ដងទៀត បានលើកឡើងថាប្រទេសរបស់លោកមិនមែនកំពុងស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរនោះទេ បន្ទាប់ពីរងការវាយប្រហារ ពីសំណាក់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីខែមិថុនា ហើយបណ្ដាប្រទេសអឺរ៉ុបផ្ដើមដំណើរការទណ្ឌកម្មប្រឆាំងតេហេរ៉ង់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា លោក Masoud Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសជាថ្មីម្ដងទៀតថាអ៉ីរ៉ង់មិនបាន ហើយក៏នឹងមិនស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរនោះទេ»។ លោកបន្ថែមថាអ្នកដែលបង្កអស្ថិរភាព និងបំផ្លាញសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា នោះគឺអ៉ីស្រាអែល តែអ៉ីរ៉ង់បែរជាកំពុងរងទណ្ឌកម្មទៅវិញ។
អ៉ីរ៉ង់បានអះអាងជាយូរណាស់មកហើយថាខ្លួនគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយនៅមុនការវាយប្រហារអ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីខែមិថុនា ទីភ្នាក់ងារចារកម្មអាមេរិកក៏មិនបានសន្និដ្ឋានថា ទីក្រុងតេហេរ៉ង់បានសម្រេចចិត្តថានឹងផលិតអាវុធនុយក្លេអ៊ែរនោះដែរ។ តែយ៉ាងណាក៏ដោយ អ៉ីស្រាអែល សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបនៅតែសង្ស័យពីមហិច្ឆតារបស់អ៉ីរ៉ង់ដោយសារតែ ភាពរីកចម្រើន និងការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលក្រុមអ្នកជំនាញលោកខាងលិចជឿថាគ្រប់គ្រាន់អាចឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លី។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានដំណើរការឡើងវិញនូវការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌ UN ប្រឆាំងនឹងអ៉ីរ៉ង់ ដែលត្រូវបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ សម្រេចឡើងដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ តែក្រោយមកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ ទណ្ឌកម្មនេះត្រូវបានរំពឹងថានឹងចូលជាធរមាននៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើនៅតែមិនមានភាពរីកចម្រើនក្នុងកិច្ចចរចានុយក្លេអ៊ែររវាងអឺរ៉ុប និងអ៉ីរ៉ង់ទេនោះ៕