លោក ដូណាល់ ត្រាំ បញ្ជាឱ្យកង Secret Service ស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដនៅ UN (Video inside)
25-09-2025 10:33
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថាកងការពារប្រធានាធិបតីអាមេរិក ឬ Secret Service បាន និងកំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅឯអង្គសហប្រជាជាតិ (UN) ដែលធ្វើឱ្យជណ្ដើរយន្ដគាំង អេក្រង់អានសុន្ទរកថារលត់ និងបញ្ហាសំឡេងបង្កការរំខានដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថារូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះទៀតផង។ តាមលោក ត្រាំ អេក្រង់អានសុន្ទរកថារបស់លោកក៏បានរលត់ផងដែរ នៅពេលរូបលោកចាប់ផ្ដើមថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០ ហើយថា មេដឹកនាំពិភពលោកប្រហែលស្ដាប់មិនឮរូបលោកនិយាយដោយសារប្រព័ន្ធសំឡេងមានបញ្ហា។ «វាមិនមែន១លើកទេ តែវាជាបញ្ហាកើតឡើង៣លើកជាប់ៗគ្នា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
ក្រុមមន្ត្រី UN បាននិយាយថាមុខងារសុវត្ថិភាពរបស់ជណ្ដើរយន្ដត្រូវបានផ្អាកដំណើរការដោយចៃដន្យ រីឯអេក្រង់អានសុន្ទរកថារបស់លោក ត្រាំ គឺត្រូវបានធ្វើប្រតិបត្តិការដោយសេតវិមាន មិនមែនដោយ UN នោះទេ។ ក្រោយឧបទ្ទវហេតុទាំងនេះកើតឡើង លោក ត្រាំ បានស្នើទៅកាន់ UN ឱ្យរក្សាទុកកាមេរ៉ាសុវត្ថិភាព និងទាមទារឱ្យមានការស៊ើបអង្កេត។ លោកបន្តថាកង Secret Service កំពុងស៊ើបអង្កេត លើឧបទ្ទវហេតុទាំងនេះហើយ៕