អាកាសយានដ្ឋានរបស់ដាណឺម៉ាក រងការរំខានដោយដ្រូនជាលើកទីពីរ ក្នុងសប្តាហ៍នេះ (Video inside)

25-09-2025 11:20

(កូប៉ិនហាក)៖ អាកាយានដ្ឋាន Aalborg របស់ប្រទេសដាណឺម៉ា ដែលប្រើប្រាស់សម្រាប់ជើងហោះហើរពាណិជ្ជកម្ម និងយោធា ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែមានសញ្ញានៃដ្រូននៅលើដែនអាកាសរបស់ខ្លួន ហើយប៉ូលិសនិយាយថា វាបានកើតឡើងពីរថ្ងៃ បន្ទាប់អាកាសយានដ្ឋានដ៏សំខាន់នៅក្នុងទីក្រុង Copenhagen ក៏បានបិទបណ្តោះអាសន្នផងដែរ ព្រោះតែបញ្ហាស្រដៀងគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។

ប៉ូលិសដាណឺម៉ាក និយាយថា ដ្រូនថ្មីនេះបានធ្វើសកម្មស្រដៀងគ្នាទៅនឹងដ្រូន ដែលនាំឱ្យផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Copenhagen កាលពីប៉ុន្មានថ្ងៃមុន។ ប្រហែល ៣ម៉ោងក្រោយ ដ្រូននោះបានចាកចេញពីអាកាយានដ្ឋាន Aalborg។ ប៉ូលិសបន្ថែមថា ការបិទអាកាសយានដ្ឋាន Aalborg ក៏នឹងប៉ះពាល់ដល់កងកម្លាំងប្រដាប់អាវុធរបស់ដាណឺម៉ាកផងដែរ ពីព្រោះទីនោះត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា។ កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក បានឱ្យដឹងថា ពួកគេកំពុងជួយដល់ប៉ូលិសដើម្បីស៉ើបអង្កេតករណីនេះ។

គួរបញ្ជាក់ថា ដាណឺម៉ាក បាននិយាយកាលពីថ្ងៃអង្គារថា ឧប្បត្តិហេតុនៅអាកាសយានដ្ឋាន Copenhagen គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ខ្លួន ហើយបានភ្ជាប់សកម្មភាពនេះ ទៅនឹងការលុកលុយដោយដ្រូនរុស្ស៉ី និងការរំខានផ្សេងៗទៀតនៅទូទាំងតំបន់អឺរ៉ុប៕