UNCTAD៖ កត្តាពន្ធគយ និងជម្លោះ ជះឥទ្ធិពលដល់ឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ (Video inside)

25-09-2025 12:04

(ហ្សឺណែវ)៖ ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បានឱ្យដឹងនៅពុធ ទី២៥ ខែកញ្ញានេះថា ឧស្សាហកម្មដឹកជញ្ជូនកំពុងជួបប្រទះនឹងភាពឡើង-ចុះមិនទៀងទាត់ ចំពេលមាននូវការកើនឡើងភាពតានតឹងភូមិសាស្រ្តនយោបាយ និងការរំខានថ្មីដោយបញ្ហាពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បរិយាកាសពាណិជ្ជកម្មពិភពលោករឹតតែស្មុគស្មាញ និងមិនច្បាស់លាស់ សកម្មភាពឧស្សាហកម្មក្នុងប្រទេសធំៗធ្លាក់ចុះ និងតម្រូវការទន់ខ្សោយពីចិនលើមុខទំនិញជាច្រើន នាំឱ្យ UNCTAD ទម្លាក់ការព្យាករពីកំណើនពាណិជ្ជកម្មតាមផ្លូវសមុទ្រ សម្រាប់ឆ្នាំ ២០២៥។ ពីមុន UNCTAD រំពឹងថាពាណិជ្ជកម្មតាមសមុទ្រសរុប នឹងកើនឡើងជាមធ្យមប្រចាំឆ្នាំ ២ភាគរយ។ ឥឡូវនេះ UNCTAD ព្យាករណ៍ថា​ទំហំ​ពាណិជ្ជកម្ម​តាម​សមុទ្រ​ទាំងមូល​ អាចមានកំណើនប្រចាំឆ្នាំត្រឹម ០.៥ភាគរយ។

UNCTAD បានឱ្យដឹងថា ការ​ធ្វើ​នាវាចរណ៍​តាម​សមុទ្រ​ខ្មៅ​ ជួបការលំបាកព្រោះសង្គ្រាម​រុស្ស៉ី-​អ៊ុយក្រែន។ រីឯ ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ បាន​ជំរុញ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​ឡើង​ខ្ពស់ ខណៈ​ដែលនាវាដឹកជញ្ជូន​ត្រូវ​ប្រើប្រាស់ផ្លូវវាង។ ច្រកសមុទ្រ Hormuz ដែលរួមចំណែក ៣៤ភាគរយនៃការដឹកជញ្ជូនប្រេងឆ្លងសមុទ្ររបស់ពិភពលោក ក៏ប្រឈមមុខនឹងហានិភ័យផងដែរ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារភាពតានតឹងរវាងអ៉ីរ៉ង់-អ៉ីស្រាអែល។

UNCTAD ក៏បានគូសបញ្ជាក់ដែរថា ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម រួមទាំងបញ្ហាពន្ធគយ កំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក៕