ប្រធានាធិបតីអ៊ុយក្រែន៖ ច្បាប់អន្តរជាតិគ្មានប្រសិទ្ធភាពឡើយ ទាល់តែមានអាវុធខ្លាំង ទើបអាចការពារខ្លួនឯងបាន (Video inside)

25-09-2025 13:16

(ញូវយ៉ក)៖ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់ភាពទន់ខ្សោយរបស់​អង្គការសហប្រជាជាតិ (UN) ក៏ដូចជាស្ថាប័នអន្តរជាតិដទៃទៀត ក្នុងការបញ្ឈប់សង្រ្គាមដែលកំពុងកើតមានឡើង នៅតំបន់ជាច្រើន​ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

ក្នុងការថ្លែងសុន្ទរកថាអំឡុងមហាសន្និបាត UN នៅទីក្រុង New York នៃសហរដ្ឋអាមេរិក លោក ហ្សេលេនស្គី បានលើកឡើងថា «នៅសតវត្សរ៍ទី២១នេះ គឺមិនខុសអ្វីពីពេលមុនទេ ដោយប្រទេសមួយដែលចង់បានសន្តិភាព ចាំបាច់ត្រូវប្រឹងពង្រឹងសព្វាវុធរបស់ខ្លួនឱ្យខ្លាំង។ វាមិនមែនជារឿងល្អទេ ប៉ុន្តែវាជាការពិត។ មិនមែនច្បាប់អន្តរជាតិ ឬក៏កិច្ចសហប្រតិបត្តិការឡើយ គឺសព្វាវុធដែលនឹងជាអ្នកសម្រេចជោគវាសនាស្លាប់រស់របស់ប្រទេសមួយ»

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តថា «អ្នកទាំងអស់គ្នាដឹងច្បាស់ណាស់ថា ច្បាប់អន្តជាតិគ្មានប្រសិទ្ធភាពនោះទេ លុះត្រាតែ​មានអ្នកមានមិត្តដែលមានឥទ្ធិពលធំ ហើយមានឆន្ទៈពិតប្រាកដក្នុងការគាំទ្រអ្នក។ សូម្បីតែអំឡុងសង្រ្គាមយ៉ាងបង្ហូរឈាម គឺគ្មានឡើយ​នូវសញ្ញាដែលបង្ហាញថា ស្ថាប័នអន្តរជាតិអាចបញ្ឈប់ពួកវាទៅវិញបាន នេះហើយគឺជាកម្រិតធ្លាក់ចុះទន់ខ្សោយនៃស្ថាប័នអន្តរជាតិ។ តើប្រជាជនប៉ាឡេស្ទីន ស៊ូដង់ ស៉ីរី និងជនជាតិដទៃទៀត ដែលកំពុងរងគ្រោះដោយសារសង្រ្គាម អាចរំពឹងអ្វីបានពី UN ក៏ដូចជាពី​ប្រព័ន្ធអន្តរជាតិ ខណៈជាយូរមកហើយ គឺឃើញមានត្រឹមតែការចេញសេចក្តីថ្លែងការណ៍ជាដដែលៗ»

ជាចុងក្រោយ លោក ហ្សេលេនស្គី ក៏បានលើកឡើងអំពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅប្រទេសរបស់លោកផងដែរ ដែលបានបន្ត​អូសបន្លាយចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយមនុស្សនៅតែបន្តស្លាប់ជារៀងរាល់ថ្ងៃ៕