កូរ៉េខាងត្បូងវាយតម្លៃថា កូរ៉េខាងជើងប្រហែលមានសារធាតុអ៊ុយរ៉ាញ៉ូមខ្ទង់២តោន ដែលអាចផលិតអាវុធនុយក្លេអ៊ែរបាន (Video inside)
25-09-2025 13:44
(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងប្រហែលជាមានក្នុងដៃ នូវសារធាតុអ៊ុយរ៉ាញ៉ូមសរុបខ្ទង់២តោន ដែលត្រូវបានចម្រាញ់ដល់កម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ បើទោះបីជាបានទទួលរងការដាក់ទណ្ឌកម្មជាច្រើនឆ្នាំមកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈ នាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល បាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានវាយតម្លៃថា សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិតលើស៩០ភាគរយរបស់ទីក្រុងព្យុងយ៉ាង នាពេលបច្ចុប្បន្នគឺមានប្រហែល២០០០គីឡូក្រាម ខណៈបរិមាណនេះ គ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ បានយ៉ាងច្រើន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាលើកដំបូងកាលពីឆ្នាំ២០០៦ ហើយបាននិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអភិវឌ្ឈសព្វាវុធ ដែលត្រូវបានហាមឃាត់នេះ៕