លោក ត្រាំ មានឆន្ទៈបន្តផែនការកាត់បន្ថយមូលនិធិជំនួយបរទេស (Video inside)

25-09-2025 14:56

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ មានបំណងបង្វែរថវិកាចំនួន ១.៨ពាន់លានដុល្លារចេញពីមូលនិធិជំនួយបរទេស ទៅបំពេញគោលដៅនៃគោលនយោបាយ «America First» ដូចជាស្វែងរកការវិនិយោគនៅដែនដី Greenland និងទប់ស្កាត់របបប្រឆាំងអាមេរិកនៅអាមេរិកឡាទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។

តាប់តាំងពីឡើងកាន់តំណែងនៅខែមករា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំឱ្យមានការពិនិត្យឡើងវិញ ទាក់ទងនឹងជំនួយរបស់សហរដ្ឋអាមេរិកនៅបរទេស។ យោងតាមលិខិតដាក់ជូនព្រឹទ្ធសភា ដែល Reuters ទទួលបាន ផលប្រយោជន៍សន្តិសុខជាតិ តម្រូវឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលនិធិជំនួយបរទេសទាំងនេះ មកដោះស្រាយបញ្ហាប្រឈមថ្មីៗ តាមវិធីដែលធ្វើឱ្យអាមេរិកមានសុវត្ថិភាព រឹងមាំ ឬរីកចម្រើនជាងមុន។

នៅក្នុងការជូនដំណឹងមួយ ចុះថ្ងៃទី១២ ខែកញ្ញា រដ្ឋបាលលោក ត្រាំ បានលើកឡើងថា ថវិកាចំនួន ១.៨ពាន់លានដុល្លារ នឹងត្រូវប្រើសម្រាប់កម្មវិធី «ពង្រឹងភាពជាអ្នកដឹកនាំពិភពលោក» ផ្តោតលើវិស័យជាច្រើននៃគោលនយោបាយរបស់លោក ត្រាំ។ ក្នុងនោះ រួមមានការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ លើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការអភិវឌ្ឍ ការប្រឆាំងនឹងឥទ្ធិពលរបស់ចិន ក៏ដូចជាដោះស្រាយវិបត្តិអន្តោប្រវេសន៍។ ថវិកា ៤០០លានដុល្លារ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងអឺរ៉ុប រួមទាំងកម្មវិធីថាមពល និងរ៉ែសំខាន់ៗនៅអ៊ុយក្រែន រួមទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច អភិរក្សនៅ Greenland៕