អេស្ប៉ាញ​ សន្យាបញ្ជូននាវាចម្បាំងទៅការពារ ក្បួនទូកអន្តរជាតិដែលដឹកជញ្ជូនជំនួយសម្រាប់តំបន់ហ្កាហ្សា (Video inside)

25-09-2025 15:43

(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះថា លោកចូលរួមជាមួយអ៉ីតាលី ក្នុងការបញ្ជូននាវាចម្បាំងយោធា ដើម្បីទៅការពារក្បួនទូកអន្តរជាតិ ដែលមានបំណងដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា ក្រោយរងការវាយប្រហារដោយយន្តហោះដ្រូន ចេញពីប្រទេសក្រិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Sanchez បានប្រាប់សន្និសទីនៅឯទីក្រុង New York ថាប្រជាជន ៤៥ប្រទេសកំពុងនាំយកជំនួយស្បៀងអាហារ ទៅឱ្យពលរដ្ឋហ្កាហ្សា។ លោកបញ្ជាក់ថា «យើងនឹងបញ្ជូននាវាកងទ័ពជើងទឹកពីទីក្រុង Cartagena ជាមួយធនធានចាំបាច់ទាំងអស់ ដើម្បីជួយដល់កងនាវាចរអន្តរជាតិ និងអនុវត្តប្រតិបត្តិការង្គ្រោះ»

ក្បួនទូកអន្តរជាតិ Global Sumud Flotilla កំពុងប្រើប្រាស់ទូកជនស៉ីវិលប្រហែល ៥០គ្រឿង ទៅបំបែកការរារាំង ពីសំណាក់កងទ័ពជើងទឹកអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយមានមេធាវី និងសកម្មជនជាច្រើននាក់នៅលើនោះ។ Global Sumud Flotilla បានរងការវាយប្រហារដោយដ្រូនចំនួន ១២គ្រឿងនៅក្នុងដែនទឹកអន្តរជាតិចម្ងាយ ៥៦គីឡូម៉ែត្រពីកោះ Gavdos របស់ក្រិច។

គួរបញ្ជាក់ថា អ៉ីស្រាអែល​ ​បានរិះគន់ក្បួនទូកអន្តរជាតិមួយនេះម្តង​ហើយ​ម្តង​ទៀត​ ថាលួចគាំទ្រ​​ក្រុម​ហាម៉ាស៕