នាយករដ្ឋមន្រ្តីចិន និងប្រធាន EU បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ចំពោះមុខការដំឡើងពន្ធគយពីអាមេរិក

25-09-2025 16:30

(ញូវយ៉ក)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang និងលោកស្រី Ursula von der Leyen ប្រធានសហភាពអឺរ៉ុប (EU) បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ នៅពេលដែលអ្នកទាំងពីរជួបគ្នាក្នុងទីក្រុងញូវយ៉ក ខណៈចិន និង EU ក៏កំពុងសម្លឹងរកការកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ចំពោះមុខបញ្ហាពន្ធគយអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។

លោកស្រី Von der Leyen បានឱ្យដឹងតាមបណ្តាញសង្គម X ថាលោកស្រីបានពិភាក្សាពីបញ្ហាពាណិជ្ជកម្ម ជាមួយថ្នាក់ដឹកនាំប្រទេសមានសេដ្ឋកិច្ចលំដាប់លេខពីរលើពិភពលោក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ហើយថាលោកស្រីពេញចិត្តនឹងឆន្ទៈចូលរួមរបស់ចិន។ លោកស្រីបញ្ជាក់ថា «កង្វល់របស់អឺរ៉ុប ពាក់ព័ន្ធនឹងការគ្រប់គ្រងលើការនាំចេញ ចំណែកទីផ្សារ និងសមត្ថភាពលើសកម្រិត ត្រូវបានចិនទទួលស្គាល់»

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Li Qiang បានសម្តែងក្តីរំពឹងថាចិន-EU អាចរក្សាបាន នូវដើមកំណើតនៃទំនាក់ទំនងការទូត ហើយ EU នឹងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាបាននូវទីផ្សារបើកចំហ។ លោក Li គូសបញ្ជាក់ថា «ក្នុង​នាម​ជា​ប៉ូល​សំខាន់​ពីរ​ក្នុង​ពិភពលោក ចិន-EU គួរ​តែ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ និង​រក្សា​ឯករាជ្យភាព​ជា​យុទ្ធសាស្ត្រ»។

គួរបញ្ជាក់ថា ចិន-EU ចាយពេលអស់ជាង ២ឆ្នាំ ស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាមពាណិជ្ជកម្ម ដែលក្រុមអ្នកវិភាគភាគនិយាយថា ទំនងជាមកពីការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ក្នុងការបើកការស៉ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនីចិន ការស៉ើបអង្កេតទៅលើម៉ាកយីហោ EU ទឹកដោះគោ សាច់ជ្រូក និងទំនិញផ្សេងៗទៀត។ ប៉ុន្តែជាមួយ និងគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ទាំងទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល ទំនងជាត្រូវបង្ខំចិត្តដោះស្រាយគ្នា៕