អ៉ីស្រាអែល វាយចូលកាន់តែជ្រៅទៅក្នុងទីក្រុង Gaza ខណៈលោក Netanyahu ធ្វេីដំណេីរទៅចូលរួមមហាសន្និបាត UN (Video inside)
25-09-2025 19:15
(ហ៊្សេរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានវាយរុលចូលកាន់តែជ្រៅទៅក្នុងទីក្រុង Gaza នៅថ្ងៃព្រហស្បតិ៍នេះខណៈនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ហេីយត្រូវប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។
លោក Netanyahu ត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់មហាសន្និបាត UN នាថ្ងៃសុក្រនេះ ហេីយជួបលោក ត្រាំ នៅសប្តាហ៍ក្រោយ។ ពេលចាកចេញពីអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ លោក Netanyahu បាននិយាយថា លោកនឹងថ្កោលទោសមេដឹកនាំដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
គ្រាន់តែនៅក្នុងថ្ងៃព្រហស្បតិ៍ អាជ្ញាធរសុខាភិបាលតំបន់និយាយថា ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់នៅទូទាំងហ្កាហ្សា។ យោធាអ៉ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារគោលដៅចំនួន ១៧០នៅទូទាំងតំបន់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធដើម្បីវាយប្រហារមកលេីទាហានរបស់ខ្លួន ហេីយកងកម្លាំងក៏បានចូលជ្រៅទៅក្នុងទីក្រុង Gaza។
លោក Netanyahu ធ្លាប់និយាយថា ទីក្រុង Gaza គឺជាបន្ទាយចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប៉ុន្តែជនស៉ីវិលរាប់សែននាក់នៅទីនោះបារម្ភថា គ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកគេទៅទៀតនោះទេ៕