អតីតប្រធានាធិបតីបារាំង លោក Sarkozy ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងសំណុំរឿងទទួលលុយខុសច្បាប់ពីបុរសខ្លាំងលីប៊ី Mummar Gaddafi, លោកថានឹងបន្តប្តឹងឧទ្ធរណ៍
25-09-2025 20:13
(បារីស)៖ តុលាការក្រុងបារីស នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បានកាត់ទោសអតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទទទួលយកមូលនិធិខុសច្បាប់ ពីអតីតបុរសខ្លាំងលីប៊ី លោក Muammar Gaddafi។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព៏ត៌មាន AFP។
លោក Sarkozy ត្រូវបានកាត់ទោសពីបទ គប់គិតព្រហ្មទណ្ឌ ប៉ុន្តែបានរួចទោសពីបទ ចោទប្រកាន់ផ្សេងទៀត។ ការកាត់ទោសនេះ មានន័យថាលោកនឹង ត្រូវជាប់ពន្ធនាគារ បេីទោះជាលោកបន្តប្តឹងឧទ្ធរណ៍ក៏ដោយ។ ចៅក្រមបានបង្គាប់ឱ្យ លោក Sarkozy បង់ប្រាក់ពិន័យចំនួន ១០០.០០០អឺរ៉ូ។
តាមរដ្ឋអាជ្ញា លោក Sarkozy បានធ្វើកិច្ចព្រមព្រៀងជាមួយលោក Gaddafi ក្នុងឆ្នាំ ២០០៥ នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដើម្បីទទួលបានថវិកាជាថ្នូរនឹងការគាំទ្រដល់រដ្ឋាភិបាលលីប៊ី ដែលឯកោលើឆាកអន្តរជាតិកាលពីពេលនោះ។
តុលាការរកឃេីញថាលោក Sarkozy មា នពិរុទ្ធព្រហ្មទណ្ឌនៅក្នុងគម្រោងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៧ នៅពេលដែលលោកយកថវិកាទៅជួយដល់យុទ្ធនាការបោះឆ្នោតរបស់លោក ជាមួយនិងមូលនិធិពីលីប៊ី។ ប៉ុន្តែតុលាការបានជម្រះចោលការចោទប្រកាន់ចំនួន ៣ផ្សេងទៀត រួមមានអំពើពុករលួយ ការផ្តល់ហិរញ្ញប្បទានដល់យុទ្ធនាការខុសច្បាប់ និងការកេងបន្លំមូលនិធិសាធារណៈ។
សេចក្តីសម្រេចនេះ គឺជាឧបសគ្គផ្លូវច្បាប់ចុងក្រោយបំផុតសម្រាប់អតីតមេដឹកនាំស្តាំនិយមអាយុ ៧០ឆ្នាំ ដែលបានបដិសេធការចោទប្រកាន់នេះ។ លោក Sarkozy ដែលធ្លាប់ធ្វើជាប្រធានាធិបតីបារាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ត្រូវបានកាត់ទោសរួចហើយនៅក្នុងសំណុំរឿងពីរផ្សេងគ្នា៕