យោធាកូរ៉េខាងត្បូង បាញ់ព្រមាននាវាដឹកទំនិញកូរ៉េខាងជើងដែលឆ្លងកាត់ព្រំដែនសមុទ្រ (Video inside)

26-09-2025 08:34

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា បានបាញ់ព្រមានដាក់នាវាដឹកទំនិញមួយគ្រឿងរបស់កូរ៉េខាងជើងដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្រ នៅក្នុងតំបន់ជម្លោះដែនទឹកនៃឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ ហើយនាវានោះបានបកត្រឡប់ក្រោយវិញភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយោធាកូរ៉េខាងត្បូងក៏បានធ្វើការព្រមានដោយពាក្យសម្ដីផងដែរ មុននឹងធ្វើសកម្មភាពបាញ់ព្រមាន។

គួរបញ្ជាក់ថា ដែនទឹកនៅជុំវិញព្រំដែនសមុទ្រដែលគេហៅថា Northern Limit Line border ត្រូវបានគូសឡើងក្រោយសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ហើយ ទីនេះធ្លាប់មានការប៉ះទង្គិចគ្នាបណ្ដាលឱ្យមានមនុស្សស្លាប់រវាងកូរ៉េទាំង២ កាលពីអតីតកាល។ កូរ៉េខាងជើងមិនបានទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រនេះនោះទេ៕