អតីតនាយក FBI លោក Comey ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ខណៈលោក ត្រាំ បង្កើនយុទ្ធនាការប្រឆាំងអ្នករិះគន់ (Video inside)

26-09-2025 09:03

(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ថាខ្លួនបានចោទប្រកាន់អតីតនាយក FBI លោក James Comey ពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយកុហកសភា និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការធ្វើយុទ្ធនាការ សងសឹកអ្នកដែលបានស៊ើបអង្កេត ឬរិះគន់រូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈបទចោទខាងលើ ប្រសិនបើលោក James Comey ត្រូវបានរកឃើញថាមានពិរុទ្ធភាពពិតមែន នោះលោកអាចនឹងត្រូវជាប់ពន្ធនាគារ៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំងលោក Comey ពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានជំរុញជាសាធារណៈឱ្យនាយក FBI លោកស្រី Pam Bondi ចោទប្រកាន់លោក Comey និងមនុស្សជាច្រើននាក់ទៀត។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយមិននិយាយពីឈ្មោះ Comey លោកស្រី Bondi បានលើកឡើងថា «គ្មាននរណាម្នាក់អង្គុយលើច្បាប់នោះទេ...ហើយការចោទប្រកាន់នៅថ្ងៃនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌អាមេរិក ក្នុងការនាំ អ្នកដែលរំលោភអំណាច ឬតួនាទីរបស់ខ្លួនដោយនិយាយកុហកបោកប្រាសប្រជាជនអាមេរិកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់»

គួរបញ្ជាក់ថា លោក ត្រាំ បានបណ្ដេញលោក James Comey ចេញពីតំណែងកាលពីឆ្នាំ២០១៧ អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីអាណត្តិទី១។ ចាប់តាំងពីពេល នោះមក លោក ត្រាំ បានរិះគន់លោក Comey ជារឿយៗជុំវិញការស៊ើបអង្កេតរបស់ FBI ក្នុងសំណុំរឿងដែលគេចោទប្រកាន់ថារុស្ស៉ីបានលូកលាន់ក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ដើម្បីជួយឱ្យលោក ត្រាំ ទទួលបានជ័យជម្នះ។ ប៉ុន្តែ ក្រោយត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ អតីតនាយក FBI រូបនេះបានអះអាងថារូបលោកជាជនស្លូតត្រង់មិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់នោះឡើយ៕