ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីល ICBM បាញ់ដល់សហរដ្ឋអាមេរិក (Video inside)
26-09-2025 11:11
(យូអិន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញាថាកូរ៉េខាងជើងកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបរាជ័យក្នុងការបញ្ឈប់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងបានទទូចថាខ្លួននឹងមិនបោះបង់ចោល អាវុធនុយក្លេអ៊ែរឡើយ។ ថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange លោក Lee បានគូសបញ្ជាក់ដូច្នេះថា «...កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់សហរដ្ឋអាមេរិក»។ លោកបន្ថែមថាកូរ៉េខាងជើងមើលទៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ប៉ុន្តែ ពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីល ICBM។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមិថុនាមក លោក Lee បានលើកឡើងជារឿយៗពីគោលបំណងបើកកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយ ភាពតានតឹង។ តែព្រមពេលជាមួយគ្នា លោកក៏បានវាយតម្លៃដែរថាកូរ៉េខាងជើងមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមពី១៥ ដល់២០គ្រាប់ក្នុងមួយឆ្នាំ៕