ចិនថារដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នឹងទៅបំពេញទស្សនកិច្ច នាចុងសប្តាហ៍នេះ (Video inside)
26-09-2025 13:36
(ប៉េកាំង)៖ ចិនបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នឹងមកបំពេញទស្សនកិច្ចចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានធ្វើដំណើរមកចូលរួមពិធីព្យុហយាត្រាយោធាដ៏ឱឡារិកមួយ នៅទីក្រុងប៉េកាំង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ដូច្នេះថា «រដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នឹងមកធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រមុខការទូតទីក្រុងប៉េកាំង លោក Wang Yi»។
គួរបញ្ជាក់ថា ក្នុងខែកញ្ញានេះ អំឡុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសដ៏កម្រមួយ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង លោក គីម បានប្រាប់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថា រូបលោកមានឆន្ទៈយ៉ាងរឹងមាំ ដើម្បីបន្តអភិវឌ្ឍជាលំដាប់នូវទំនាក់ទំនងទ្វេភាគី ខណៈលោក ស៉ី បានប្រាប់លោក គីម វិញថា ប្រទេសទាំងពីរ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជុំវិញកិច្ចការអន្តរជាតិ និងរក្សាការពារផលប្រយោជន៍រួម៕