ប្រមុខការទូតរុស្ស៉ី ចោទ NATO និង EU ថាកំពុងធ្វើសង្រ្គាមជាក់ស្តែងប្រឆាំងរុស្ស៉ី តាមរយៈអ៊ុយក្រែន (Video inside)

26-09-2025 14:08

(យូអិន)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានចោទប្រកាន់ថា អង្គការ NATO និងសហភាពអឺរ៉ុប (EU) កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រកាសសង្រ្គាមជាក់ស្តែងប្រឆាំងនឹងប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

លោក Lavrov បានថ្លែងដូចខាងលើអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 នៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសុន្ទរកថាកាលពី២ថ្ងៃមុននៅ UN បានបង្ហាញសញ្ញារឹតបន្តឹងជំហរប្រឆាំងមូស្គូ ហើយកោតសរសើរកិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី ព្រមទាំងបាននិយាយថា សម្ព័ន្ធមិត្ត NATO គួរតែបាញ់ទម្លាក់យន្តហោះយោធារបស់រុស្ស៉ី ដែលបំពានចូលដែនអាកាសរបស់ពួកគេ។

គួរបញ្ជាក់ថា ភាពតានតឹងកើនឡើង នៅតាមបណ្តោយតំបន់អឺរ៉ុបខាងកើត ជាទីដែលប្រទេសអេស្តូនី បានចោទទីក្រុងមូស្គូថា បានបញ្ជូនយន្តហោះចម្បាំង៣គ្រឿងចូលដែនអាកាសរបស់ខ្លួន មួយសប្តាហ៍ក្រោយក្រុមយន្តហោះចម្បាំងរបស់សមាជិក NATO បានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៉ី នៅលើដែនអាកាសរបស់ប្រទេសប៉ូឡូញ។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បានបន្តអះអាងថា សកម្មភាពរបស់​លោកខាងលិច គឺជាមូលហេតុដែលបង្កឱ្យផ្ទុះសង្រ្គាមនៅអ៊ុយក្រែន៕