ស្លូវេនីសម្រេចដាក់បម្រាមធ្វើដំណើរលើនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu (Video inside)
26-09-2025 14:49
(ជូបហ្សាណា)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ស្លូវេនីបានប្រកាសដាក់បម្រាមធ្វើដំណើរលើ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីឆ្នាំមុន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ហើយកាលពីខែកក្កដា ឆ្នាំនេះ បានដាក់បម្រាមលើរដ្ឋមន្រ្តីស្តាំនិយម២នាក់របស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសស្លូវេនី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «តាមរយៈសកម្មភាពនេះ ស្លូវេនីគូសបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ គុណតម្លៃសកលនៃសិទ្ធិមនុស្ស និងគោលនយោបាយការបរទេស ប្រកបដោយសីលធម៌និងគ្មានការប្រែប្រួល»។ រដ្ឋាភិបាលស្លូវេនី បានលើកហេតុផលថា ចំណាត់ការរបស់ខ្លួនប្រឆាំងលោក Netanyahu គឺដោយសារតែរូបលោករងការចោទប្រកាន់ពីតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ស្លូវេនីរួមជាមួយបណ្តាប្រទេសអឺរ៉ុបដទៃទៀត បានអំពាវនាវយ៉ាងទទូចចង់ឱ្យមានបទឈប់បាញ់ នៅហ្កាហ្សា និងបង្កើនការដឹកជញ្ជូនជំនួយចូលទៅដែនដីប៉ាឡេស្ទីនមួយនោះ។ ប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលស្លូវេនី បានចាត់វិធានការផ្សេងៗប្រឆាំងអ៉ីស្រាអែល រួមមានទាំងការហាមឃាត់នាំចេញ នាំចូល និងដឹកជញ្ជូនឆ្លងកាត់នៃអាវុធទៅកាន់និងមកពីអ៉ីស្រាអែល ក៏ដូចជាបម្រាមធ្វើដំណើរលើរដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Bezalel Smotrich ជុំវិញសេចក្តីថ្លែងការណ៍ ដែលជំរុញអំពើប្រល័យពូជសាសន៍និងហិង្សា ប្រឆាំងជនជាតិប៉ាឡេស្ទីន៕