លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធថ្មីទៀត លើថ្នាំពេទ្យ រថយន្តដឹកជញ្ជូនធុនធំ និងគ្រឿងសង្ហារិម (Video inside)
26-09-2025 15:41
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធថ្មីទៀតលើទំនិញនាំចូលចម្រុះ ដែលនឹងចូលជាធរមាននៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងវិធានការថ្មីខាងលើ ពន្ធគយនឹងត្រូវដំឡើងដល់១០០ភាគរយសម្រាប់ឱសថ ២៥ភាគរយសម្រាប់រថយន្តដឹកជញ្ជូនធុនធំ ៥០ភាគរយលើសម្ភារផ្ទះបាយនិងបន្ទប់ទឹក ព្រមទាំង៣០ភាគរយលើគ្រឿងសង្ហារិម ហើយចាប់ផ្តើមចូលធរមាននៅថ្ងៃទី១ ខែតុលា។ ចាប់តាំងពីឡើងកាន់អំណាចសម្រាប់អាណត្តិទី២ កាលពីដើមឆ្នាំនេះមក ការដំឡើងពន្ធគយគឺជាសកម្មភាពចម្បងបំផុតមួយរបស់លោក ត្រាំ ដោយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មអាមេរិក ទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយ គឺបានទទួលរងការដំឡើងពន្ធចន្លោះចាប់ពី១០ ដល់៥០ភាគរយ បូករួមជាមួយពន្ធកំណត់គោលដៅជាក់លាក់ដទៃទៀត លើផលិតផលចម្រុះជាច្រើន។
គួរបញ្ជាក់ថា លោក ត្រាំ បានប្រើប្រាស់វិធានការពន្ធ ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់បម្រើនយោបាយការបរទេសរបស់អាមេរិក ដោយលោកបានប្រើប្រាស់វា ដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាមទារការធ្វើសម្បទាន និងដាក់សម្ពាធនយោបាយលើប្រទេសដទៃ។ មិនតែប៉ុណ្ណោះ រដ្ឋបាលរបស់លោក បានអះអាងថា ការដំឡើងពន្ធគយនេះ គឺប្រភពចំណូលដ៏ធំមួយ ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនអាចប្រមូលចំណូលបន្ថែមបានរហូតដល់៣០០ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំនេះ៕