លោក ហ្សេលេនស្គី ថាត្រៀមជាស្រេចដើម្បីចុះចេញពីអំណាច ក្រោយពេលចប់សង្រ្គាមជាមួយរុស្ស៉ី
26-09-2025 16:16
(កៀវ)៖ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយកាលពីព្រហស្បតិ៍ ទី២៥ ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកនឹងត្រៀមខ្លួនរួចរាល់ ដើម្បីចុះចេញពីអំណាច បន្ទាប់ពីសង្រ្គាមជាមួយរុស្ស៉ីបិទបញ្ចប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងកិច្ចសម្ភាសតាមប្រព័ន្ធវីដេអូ ជាមួយវែបសាយព័ត៌មានអាមេរិក Axios លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើយើងបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ពិតណាស់ ខ្ញុំត្រៀមជាស្រេចនឹងមិនបន្តឈរឈ្មោះបោះឆ្នោតឡើយ ព្រោះវាមិនមែនជាគោលដៅរបស់ខ្ញុំនោះទេ។ ខ្ញុំចង់នៅជាមួយប្រទេសខ្ញុំ ជួយប្រទេសខ្ញុំ ក្នុងគ្រាដ៏សែនលំបាកមួយ។ គោលដៅរបស់ខ្ញុំ គឺបញ្ចប់សង្រ្គាមឱ្យបាន»។ លោក ហ្សេលេនស្គី បានបន្តថា លោកនឹងស្នើឱ្យសភាអ៊ុយក្រែន រៀបចំការបោះឆ្នោតថ្មី បើមានបទឈប់បាន។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនអាណត្តិថ្មី ដែលត្រូវធ្វើឡើងកាលពីក្នុងឆ្នាំ២០២៤ គឺត្រូវបានផ្អាកដោយសារតែច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ចេញនៅអ៊ុយក្រែន បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ដែលជាអតីតតារាកំប្លែងម្នាក់ បានជាប់ឆ្នោតកាលពីឆ្នាំ២០១៩។ ដោយសារតែរឿងនេះ រុស្ស៉ីបានចោទសួរជាដដែលៗ អំពីភាពស្របច្បាប់នៃឋានៈជាមេដឹកនាំរបស់លោក ហ្សេលេនស្គី។ យ់ាងណាមិញ អំឡុងសង្រ្គាមរយៈពេលជាង៣ឆ្នាំកន្លះមកនេះ លោក ហ្សេលេនស្គី នៅតែទទួលបានការជឿជាក់កម្រិតខ្ពស់ ក្នុងចំណោមសាធារណជនអ៊ុយក្រែន។ ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថាន Kyiv International Institute of Sociology កាលពីដើមខែនេះ បានបង្ហាញថា ប្រជាជនអ៊ុយក្រែនជិត៦០ភាគរយ នៅតែជឿទុកចិត្តលើលោក ហ្សេលេនស្គី ខណៈប្រមាណ៣៤ភាគរយ បាននិយាយថា ពួកគេមិនជឿជាក់រូបលោក៕