លោក Sharif ស្នេីឱ្យមានការវិនិយោគអាមេរិកនៅប៉ាគីស្ថាន ក្នុងពេលជួបលោក ត្រាំ (Video inside)

26-09-2025 19:19

(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានស្នេីឱ្យក្រុមហ៊ុនអាមេរិកទៅបណ្តាក់ទុនក្នុងប្រទេសប៉ាគីស្ថាន​ អំឡុងពេលដែលលោកបានប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅឯសេតវិមាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Sharif អមដោយមេទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir បានជួបលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជាសញ្ញាថ្មីមួយទៀតនៃការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពកក់ក្តៅឡេីងវិញ បន្ទាប់ពីជាប់គាំងក្រោមការគ្រប់គ្រងរបស់រដ្ឋបាលអាមេរិកមុន។

តាមការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Sharif បានបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម បច្ចេកវិទ្យា រ៉ែ និងថាមពលសម្រាប់ការវិនិយោគពីក្រុមហ៊ុនអាមេរិក។ លោកនាយករដ្ឋមន្រ្តី បានសម្តែងនូវទំនុកចិត្តថាក្រោមការដឹកនាំរបស់លោក ត្រាំ ភាពជាដៃគូប៉ាគីស្ថាន-អាមេរិក នឹងត្រូវបានពង្រឹងថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ភ្លាមៗមិនមានសេចក្តីថ្លែងការណ៍ពីសេតវិមានទេ ប៉ុន្តែមុនពេលនៃជំនួបនោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យរាងពងក្រពេីថា លោក Munir ជាមនុស្សអស្ចារ្យណាស់​ ហើយលោកនាយករដ្ឋមន្ត្រីក៏ដូចគ្នាដែរ។ លោក ត្រាំ ពីមុនធ្លាប់អំពាវនាវឱ្យក្រុមហ៊ុនអាមេរិកធ្វេីការវិនិយោគលេីការរុករកប្រេងនៅប៉ាគីស្ថាន៕