មនុស្ស ៣នាក់ស្លាប់ ខណៈព្យុះត្រូពិក Bualoi បោកបក់លេីប្រទេសហ្វីលីពីន (Video inside)

26-09-2025 19:40

(ម៉ានីល)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិចដែលមានកម្លាំងដូចព្យុះទីហ្វុង បានបោកបក់កាត់ភាគកណ្តាល និងភាគខាងត្បូងនៃកោះ Luzon កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។

ការងាររដ្ឋាភិបាល និងការសិក្សានៅក្នុងតំបន់ជាច្រើននៃប្រទេសហ្វីលីពីន រួមទាំងទីក្រុង Metro Manila ត្រូវបានផ្អាកបណ្តោះអាសន្ន មុនពេលព្យុះត្រូពិច Bualoi មកដល់​ ខណៈមនុស្សរាប់សែននាក់ត្រូវបានជម្លៀស។ ព្យុះនេះបានបោកបក់លេីតំបន់ Eastern Samar ភាគកណ្តាលប្រទេសហ្វីលីពីន មុនពេលចូលទៅតំបន់ Masbate ហេីយបានបក់កាត់តំបន់ Bicol នៅភាគខាងត្បូងកោះ Luzon។

មន្ត្រីគ្រោះមហន្តរាយនិយាយថា អ្នកស្លាប់ ទាំង ៣នាក់ គឺនៅក្នុងខេត្ត Masbate ដោយម្នាក់ត្រូវដើមឈើរលំលេី ម្នាក់លង់ទឹក ស្លាប់ និងម្នាក់ទៀតស្លាប់ពេលបាក់ជញ្ជាំង។ តំបន់ផ្សេងទៀតនៃភាគខាងត្បូងកោះ​ Luzon មន្ត្រីក្នុងតំបន់បានរាយការណ៍ថា មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ការដាច់ចរន្តអគ្គិសនី ខូចខាតដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា ព្យុះត្រូពិក Bualoi បានវាយប្រហារហ្វីលីពីន ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Ragasa បន្សល់ទុកនូវការខូចខាតនៅភាគខាងជើងប្រទេស និងដែលបានឆក់យកជីវិតមនុស្សចំនួន ១៤នាក់៕