ស្វីស នឹងទៅយកកុមារហ្កាហ្សា ២០នាក់ មកជួយព្យាបាល (Video inside)

26-09-2025 22:00

(ប៊ែន)៖ រដ្ឋាភិបាលនៃប្រទេសស្វីស បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ស្វីសនឹងនាំកុមារដែលរងរបួសប្រហែល ២០នាក់ពីតំបន់ហ្កាហ្សា ឱ្យមកទទួលការព្យាបាល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។

រដ្ឋាភិបាលស្វីសបានឱ្យដឹងទៀតថា ការជ្រើសរើសកុមាររបួសធ្វើឡើងដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក ដែលទទួលបន្ទុកផ្តល់បញ្ជីឈ្មោះ ហើយនឹងមានការត្រួតពិនិត្យសុវត្ថិភាពកុមារ រួមទាំងសមាជិកគ្រួសារដែលត្រូវធ្វេីដំណើរមកជាមួយពួកគេ។

រដ្ឋាភិបាលនឹងរ៉ាប់រងការចំណាយលើការសម្របសម្រួល និងការធ្វេីដំណេីរ ខណៈថ្លៃព្យាបាលអាចចេញដោយស្ម័គ្រចិត្ដពីអាជ្ញាធរស្វីសណាដែលទទួលយកកុមារ ឬពីមន្ទីរពេទ្យផ្ទាល់។ យ៉ាងនេះក្តី គេនៅមិនទាន់ច្បាស់ទេថាពេលណាទេីបអាចជម្លៀសកុមារហ្កាហ្សាបាន ដោយសារតែស្ថានភាពប្រយុទ្ធគ្នាបច្ចុប្បន្ន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកំពុងដំណើរការ។

គួរបញ្ជាក់ថា WHO បានស្រង់ឈ្មោះអ្នកជំងឺប្រហែល ១៩ ០០០នាក់សម្រាប់ការជម្លៀសចេញពីហ្កាហ្សា រួមទាំងកុមារ ៤ ០០០នាក់ ភាគច្រើនរបួស ឬមានជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងមិនអាចទទួលការព្យាបាលបានគ្រប់គ្រាន់នៅក្នុងមូលដ្ឋាន៕