ថ្លែងនៅ UN នូវែលសេឡង់ ថានឹងមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនទេ នាពេលនេះ (Video inside)

27-09-2025 10:02

(យូអិន)៖ កាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters ក្នុងសុន្ទរកថាមួយ អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុង ​New York បាននិយាយថា ប្រទេសរបស់លោក នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឡើយ នាពេលនេះ ប៉ុន្តែនៅបន្តប្តេជ្ញាចំពោះដំណោះស្រាយរដ្ឋពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Peters បានលើកឡើងយ៉ាងដូច្នេះថា «ខណៈសង្រ្គាមកំពុងបន្តយ៉ាងក្តៅគគុក, ក្រុមហាម៉ាសនៅតែជារដ្ឋាភិបាលគ្រប់គ្រង​តំបន់ហ្កាហ្សា ហើយមិនមានភាពច្បាស់លាស់ជុំវិញជំហានបន្តបន្ទាប់ គឺនៅមានសំណួរច្រើនណាស់ស្តីអំពីអនាគតនៃរដ្ឋប៉ាឡេស្ទីន សម្រាប់ឱ្យនូវែលសេឡង់ អាចប្រកាសការទទួលស្គាល់របស់ខ្លួន នៅពេលនេះ»។ លោក Peters បានបន្តថា «យើងក៏បារម្ភដែរថា ការផ្តោតទៅលើការទទួលស្គាល់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន អាចនឹងបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែង ស្វែងរកបទឈប់បាញ់ ដោយសារវានឹងរុញច្រានអ៉ីស្រាអែលនិងហាម៉ាស ទៅកាន់គោលជំហរមួយ ដែលកាន់តែពិបាកចរចាគ្នាខ្លាំងថែមទៀត»។

គួរបញ្ជាក់ថា ជំហរខាងលើរបស់នូវែលសេឡង់ គឺផ្ទុយពីដៃគូប្រពៃណីរបស់ខ្លួន ដូចជាអូស្រ្តាលី កាណាដា និងចក្រភពអង់គ្លេស ដែលសុទ្ធតែបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ការទទួលស្គាល់នោះ ធ្វើឱ្យពួកគេឥឡូវដើរស្របជាមួយប្រទេសជាង១៤០ផ្សេងទៀត ដែលបានគាំទ្រក្តីស្រមៃរបស់ជនជាតិប៉ាឡេស្ទីន ក្នុងការបង្កើតប្រទេសឯករាជ្យមួយ នៅដែនដីរបស់ខ្លួនដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕