សារព័ត៌មានអាមេរិក៖ លោក ហ្សេលេនស្គី ស្នើលោក ត្រាំ ឱ្យផ្តល់មីស៉ីលគ្រូសចម្ងាយឆ្ងាយ Tomahawk អំឡុងជំនួបនៅ New York (Video inside)

27-09-2025 10:47

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសប្តាហ៍នេះ បានស្នើឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្តល់មីស៉ីល Tomahawk ដែលជាមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ ដើម្បីដាក់សម្ពាធឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន យល់ព្រមទទួលយកសន្តិភាព ដោយពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

Axios បាននិយាយថា សំណើខាងលើត្រូវបានធ្វើឡើង អំឡុងជំនួបទ្វេភាគីរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ នៅក្រៅព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលប្រព្រឹត្តទៅនៅទីក្រុង ​New York នៃរបស់សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍នោះ ផ្អែកលើការអះអាងរបស់មន្រ្តីអ៊ុយក្រែនមួយរូប ព្រមទាំងប្រភពមួយទៀត ដែលដឹងខ្លឹមសារនៃជំនួបរវាង​មេដឹកនាំទាំងពីរ។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសដាច់ដោយឡែកជាមួយ Axios ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក ហ្សេលេនស្គី ផ្ទាល់ ក៏បានបង្ហើបឱ្យដឹងដែរថា ទីក្រុងកៀវកំពុងស្វែងរក អាវុធសម្រាប់វាយប្រហារចម្ងាយឆ្ងាយៗពីសហរដ្ឋអាមេរិក៕