លោក គីម ជុងអ៊ុន ដាក់បញ្ជាឱ្យប្រើធនធានទាំងអស់គាំទ្រកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីការពារអធិបតេយ្យនិងសន្តិសុខជាតិ (Video inside)

27-09-2025 11:30

(ព្យុងយ៉ាង)៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យធនធានទាំងអស់​ ត្រូវប្រើប្រាស់ក្នុងការគាំទ្រកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីពង្រឹង​នូវ​អ្វីដែលលោកហៅថា ខែលនិងដាវនុយក្លេអ៊ែរ ក្នុងគោលដៅរក្សាការពារអធិបតេយ្យ ក៏ដូចជាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក គីម បានបង្គាប់ដូចខាងលើ អំឡុងពេលចុះជួបមន្រ្តីនិងអ្នកវិទ្យាសាស្រ្តសំខាន់ៗ នៅឯវិទ្យាស្ថានស្រាវជ្រាវអាវុធនុយក្លេអ៊ែរ​របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយលោកបានសង្កត់ធ្ងន់ថា វាគឺជាអាទិភាពចម្បងបំផុតរបស់ប្រទេស ក្នុងការបន្តប្រឹងប្រែងអភិវឌ្ឍថែមទៀត នូវសមត្ថភាពឆ្លើយតបនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា បើតាមការអះអាងក្នុងសប្តាហ៍នេះ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ប្រទេសកូរ៉េខាងជើង គិតត្រឹមពេលនេះ មានកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលអនុញ្ញាតឱ្យប្រទេសនេះ អាចផលិតអាវុធនុយក្លេអ៊ែរបានរហូតដល់២០គ្រាប់ ជារៀងរាល់ឆ្នាំ៕