ព្យុះត្រូពិក Bualoi ផ្តាច់ជីវិតមនុស្សកើនដល់១១នាក់ នៅហ្វីលីពីន ខណៈកំពុងបន្តឆ្ពោះទៅរកវៀតណាម
27-09-2025 14:09
(ម៉ានីល)៖ អាជ្ញាធរនៅប្រទេសហ្វីលីពីន បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារការវាយប្រហាររបស់ព្យុះត្រូពិក Bualoi បានកើនដល់១១នាក់ នាថ្ងៃសៅរ៍នេះ ហើយឥឡូវព្យុះនោះ កំពុងបន្តបោកបក់សំដៅឆ្ពោះទៅរកប្រទេសវៀតណាមថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ព្យុះ Bualoi បានវាយប្រហារលើបណ្តាកោះតូចៗនៅភាគកណ្តាលហ្វីលីពីន កាលពីថ្ងៃសុក្រ ដោយបណ្តាលឱ្យបាក់ដើមឈើ ដួលរលំបង្គោលអគ្គិសនី ប៉ើងដំបូងផ្ទះ ហើយបង្កការជន់លិច និងបង្ខំឱ្យមនុស្សសរុបប្រមាណ៤០០ ០០០នាក់ ត្រូវជម្លៀសខ្លួន។ ក្នុងចំណោមកោះដែលរងគ្រោះខ្លាំងជាងគេ គឺកោះ Biliran ដែលមានមនុស្ស៨នាក់ស្លាប់ និង២នាកបាត់ខ្លួន។ រីឯអ្នកស្លាប់៣នាក់ផ្សេងទៀត គឺនៅកោះក្បែរខាង Masabate និង Ticao។ មនុស្សសរុប១៤នាក់ នៅបន្តបាត់ខ្លួនទូទាំងតំបន់ភាគកណ្តាលហ្វីលីពីន ហើយជាង២០០ ០០០នាក់ កំពុងបន្តជ្រកកោននៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន នៅឡើយ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ព្យុះ Bualoi គឺមិនយូរប៉ុន្មាននោះទេ បន្ទាប់ពីព្យុះស៊ូភើទីហ្វុង Ragasa ដែលបានផ្តាច់ជីវិតមនុស្ស១៤នាក់ នៅភាគខាងជើងហ្វីលីពីន។ ប្រទេសនេះ ជាមធ្យមរងការវាយប្រហារពីព្យុះត្រូពិកនិងព្យុះទីហ្វុងសរុបប្រហែល២០ ក្នុងមួយឆ្នាំៗ។ ដោយឡែក បន្ទាប់ពីបោកបក់លើហ្វីលីពីន នាពេលនេះ ព្យុះត្រូពិក Bualoi កំពុងឆ្ពោះទៅរកតំបន់ភាគកណ្តាលប្រទេសវៀតណាម៕