លោក Li Qiang អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល
27-09-2025 16:57
(ប៉េកាំង)៖ នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម កិច្ចប្រជុំជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលធ្វើឡើងដោយប្រទេសចិននៅទីចាត់ការទូទៅអង្គការសហប្រជាជាតិ ប្រចាំនៅក្រុងញូវយ៉កព្រមទាំងថ្លែងសុន្ទរកថា។
លោក Li Qiang បានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២១ បានផ្តោតសំខាន់លើផលប្រយោជន៍ដ៏ធំទូលាយបំផុត នៃសង្គមមនុស្សជាតិដែលបានដើរតួនាទីណែនាំ ដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម។
លោក Li Qiang បានថ្លែងបន្តថា បច្ចុប្បន្ននេះ ឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញ កិច្ចសហប្រតិបតិ្តការផ្នែកការអភិវឌ្ឍនៃអន្តរជាតិបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។ ភាគីចិនរីករាយធ្វើការជាមួយបណ្តាភាគីនានា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ថែមមួយកម្រិតទៀត ពន្លឿនការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ក៏ដូចជាស្តារបុព្វហេតុអភិវឌ្ឍន៍សកលឡើងវិញ។
ភាគីនានាដែលចូលរួមកិច្ចប្រជុំ បានសម្តែងការគាំទ្រគំនិតផ្តួចផ្តើមសកលទាំងបួន និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" ដែលលើកឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល៕
វិទ្យុមិត្តភាពកម្ពុជាចិន