លោក Li Qiang នាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមការជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០

27-09-2025 17:23

(ប៉េកាំង)៖ កាលពីថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក។

លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ចិនបានចូលរួមយ៉ាងសកម្មនូវកិច្ចការសកលជាប់រហូតមក ហើយខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់សុភមង្គលរបស់ មនុស្សជាតិផងដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាបន្តបន្ទាប់នូវទស្សនៈ ស្តីពីការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បានរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិន ដើម្បីឆ្លើយតបនឹង បម្រែបម្រួលនិម្មាបនកម្មនៃពិភពលោក និងដោះស្រាយបញ្ហាពិបាកជាបន្ទាន់។ ជាពិសេស ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin នៅដើមខែកញ្ញានេះ បានតម្រង់ទិសដៅត្រឹមត្រូវនិងផ្តល់មាគ៌ាដ៏សំខាន់ សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ ភាគីចិនរីករាយរួមជាមួយភាគីនានាចាត់ប្រតិបត្តិការដ៏ខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងកាន់តែច្រើន និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

លោក Li Qiang បានថ្លែងថា សម្លឹងមើលទៅកាន់អនាគត ចិនរីករាយរួមជាមួយភាគីនានាគាំពារកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្សព្វផ្សាយស្មារតីពហុភាគីនិយម អនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសកលចំនួន៤ ដើម្បីបោះជំហានទៅកាន់គោលដៅខ្ពង់ខ្ពស់នៃការកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន