មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស អំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដេីម្បីទប់ស្កាត់វិបត្តិជំនួយសម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា (Video inside)
27-09-2025 20:24
(ដាក្កា)៖ មេដឹកនាំបណ្ដោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា វិបត្តិជនភៀសខ្លួនរ៉ូហ៉ីងយ៉ាកំពុងឈានទៅរកស្ថានភាពគ្រោះថ្នាក់ នៅពេលដែលជំនួយអន្តរជាតិកាន់តែខ្សត់ខ្សោយទៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។
លោក Yunus គូសបញ្ជាក់ថា «ជម្លោះដែលកំពុងបន្តក្នុងប្រទេសជិតខាងរបស់យើង គឺមីយ៉ានម៉ា បានគំរាមកំហែងមិនត្រឹមតែស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងការរំពឹងទុកសម្រាប់ការចូលមកវិញនៃជនភៀសខ្លួនរ៉ូហ៉ីងយ៉ាដែលផ្លាស់ទីលំនៅមកជ្រកនៅបង់ក្លាដែស»។
ដោយព្រមានថា នឹងមានការកាត់បន្ថយរបបអាហារក្នុងពេលឆាប់ៗ ដែលអាចធ្វើឱ្យភាពអត់ឃ្លានកាន់តែស៉ីជម្រៅ និងមានអសន្តិសុខក្នុងជំរំ លោក Yunus បន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់ជំនួយដែលមានស្រាប់បន្តចូលរួមចំណែក ហេីយអ្នកដែលមានលទ្ធភាពធ្វើការប្រកាសអំពីការរួមចំណែកដ៏សប្បុរស ដើម្បីការពារស្ថានភាពមហន្តរាយនេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន បង់ក្លាដែសកំពុងផ្តល់ជម្រកដល់ជនជាតិរ៉ូហ៉ីងយ៉ាប្រហែល ១.៣លាននាក់ ដែលភាគច្រើនភៀសខ្លួនចេញពីជម្លោះនៅមីយ៉ាន់ម៉ា។ គ្រាន់តែនៅក្នុងសង្កាត់ភាគអាគ្នេយ៍នៃទីក្រុង Cox's Bazar ជិតព្រំដែនជាមួយមីយ៉ាន់ម៉ា ជនភៀសខ្លួនរស់នៅក្នុងជម្រកឬស្សីដែលមានមនុស្សច្រើនកកកុញ ហេីយកំពុបប្រឈមមុខនឹងការខ្វះខាតជំនួយ សាលារៀនបិទទ្វារ ជាមួយក្តីតិចតួចក្នុងការត្រឡប់ទៅផ្ទះវិញ៕