ឡេតូនី ជំរុញឱ្យ NATO ពង្រឹងការការពារដែនអាកាសរដ្ឋ Baltic បន្ទាប់ពីមានឧប្បត្តិហេតុដ្រូនរុស្ស៉ី (Video inside)

27-09-2025 21:56

(រីហ្កា)៖ ប្រធានាធិបតីនៃប្រទេសឡេតូនី លោក Edgars Rinkevics បានជំរុញឱ្យអង្គការណាតូ (NATO) បង្កើនការការពាររបស់ខ្លួនចំពោះប្រទេសក្នុងតំបន់បាល់ទិក ដោយលើកឡើងពីការរំលោភបំពានដែនអាកាសសម្ព័ន្ធមិត្តពីសំណាក់ដ្រូនរុស្ស៉ី ដោយបន្ថែមក៏មានការអំពាវនាវស្រដៀងគ្នាពីលីទុយអានីផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Rinkevics បានប្រាប់កិច្ចប្រជុំនៃគណៈកម្មាធិការយោធាណាតូនៅរដ្ឋធានី Riga ថា រុស្ស៉ីបានបន្តលំនាំនៃការបង្កហេតុ ដែលថ្មីៗនេះបានបំពានដែនអាកាសប៉ូឡូញ និងអេស្តូនី។ លោកបន្ថែមថា ការប្រែក្លាយប៉ូលិសដែនអាកាសបាល់ទិក ទៅជាបេសកកម្មការពារដែនអាកាសបាល់ទិក ជាមួយលក្ខខណ្ឌនៃការរួមគ្នាគួរតែជារឿងអាទិភាពមួយ។

រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Dovile Sakaliene កាលពីដើមខែនេះ បាននិយាយថា ទីក្រុងវីលនីញូស បានរៀបចំឯកសារស្តីពីការកែសម្រួលបេសកកម្ម ដើម្បីរួមបញ្ចូលនូវសមត្ថភាពបន្ថែមនូវសម្ភារការពារដែនអាកាស និងប្រព័ន្ធចាប់សញ្ញា។

គួរបញ្ជាក់ថា បណ្តាមេដឹកនាំអឺរ៉ុបនិយាយថា រុស្ស៉ីបានរំលោភលើដែនអាកាសរបស់អង្គការណាតូម្តងហើយម្តងទៀត រួមទាំងនៅរដ្ឋបាល់ទិក និងប៉ូឡូញ ដែលកាលពីដើមខែនេះ មានដ្រូនរុស្ស៊ីប្រហែល ២០គ្រឿងបំពានដែនអាកាស និងបានជំរុញឱ្យយន្តហោះចម្បាំងណាតូបាញ់ទម្លាក់។ រុស្ស៉ីបានបដិសេធចំពោះការអះអាងនេះ៕