លោក ត្រាំ ថានឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដេីម្បីដោះស្រាយជាមួយភេរវករក្នុងស្រុក

27-09-2025 22:28

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដើម្បីចាត់ការភេរវករក្នុងស្រុក ហេីយនឹងបន្តការដាក់ពង្រាយនេះទៅកាន់ទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។

លោក ត្រាំ បានធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា លោកកំពុងដឹកនាំក្រសួងការពារជាតិឱ្យផ្តល់កម្លាំងចាំបាច់ទាំងអស់ទៅការពារទីក្រុង Portland ដែលកំពុងមានបញ្ហា។ លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំក៏នឹងផ្តល់សិទ្ធិអំណាចពេញលេញដល់ទាហានផងដែរ បេីចាំបាច់»។

បេីតាមលោក ត្រាំ ការសម្រេចចិត្តនេះគឺចាំបាច់ដើម្បីការពារកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលលោកពិពណ៌នាថាកំពុងស្ថិតក្រោមការហ៊ុំព័ទ្ធដោយការវាយប្រហារពីសំណាក់ចលនាប្រឆាំង និងភេរវករក្នុងស្រុកផ្សេងទៀត។ ចាប់តាំងពីការធ្វើឃាតលោក Charlie Kirk ដែលជាសកម្មជនអភិរក្សនិយម លោក ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីតតាំងនឹងអ្វីដែលចាត់ទុកជាអំពេីឆ្វេងនិយម ដោយដាក់បន្ទុកលេីអំពើហិង្សាផ្នែកនយោបាយ៕