បម្រាម UN លើការជួញដូរអាវុធ និងទណ្ឌកម្មដទៃទៀត ត្រូវបានអនុវត្តឡើងវិញលើអ៉ីរ៉ង់ (Video inside)
28-09-2025 10:01
(វ៉ាស៊ីនតោន)៖ អង្គការសហប្រជាជាតិ (UN) បានដំណើរការឡើងវិញនូវការហាមឃាត់ការជួញដូរអាវុធ និងទណ្ឌកម្មដទៃទៀតលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បន្ទាប់ពីមហាអំណាចអឺរ៉ុបសំខាន់ៗ អនុវត្តយន្ដការដាក់ទណ្ឌកម្មឡើងវិញដែលអ៉ីរ៉ង់ព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអនុវត្តយន្ដការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ក្រោមក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទថា អ៉ីរ៉ង់បានបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលមានគោលដៅបញ្ឈប់ប្រទេសនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់តែងតែបដិសេធជារឿយៗថាខ្លួនគ្មាន មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះទេ។
ការបិទបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយដែលដើមឡើយត្រូវបានឯកភាពដោយអ៉ីរ៉ង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក រុស្ស៉ី និងចិន ទំនងជាអាចនឹង បង្កើនភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា តែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ ទណ្ឌកម្ម UN អនុវត្តដោយក្រុមប្រឹក្សាសន្តិសុខនៅក្នុងតំបន់ដំណោះស្រាយមួយដែលអនុម័តនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ កាលពី យប់ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ក្រោយការប៉ុនប៉ងពន្យារពេលការដាក់ទណ្ឌកម្មឡើងវិញនេះទទួលបរាជ័យនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ។
«យើងជំរុញឱ្យអ៉ីរ៉ង់ និងរដ្ឋទាំងអស់អនុវត្តយ៉ាងពេញលេញតាមដំណោះស្រាយនេះ»។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមដោយរដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានព្រមាននឹងធ្វើការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ កាលពីថ្ងៃសុក្រថាអ៉ីរ៉ង់គ្មានបំណងចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនោះទេ។ អ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ត្រឡប់ចូលស្រុកវិញផងដែរដើម្បីពិគ្រោះយោបល់ ស្របពេលរុស្ស៉ីបានជំទាស់នឹងការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងតេហេរ៉ង់៕