អាល្លឺម៉ង់ ចង់អនុញ្ញាតឱ្យយោធាបាញ់ទម្លាក់ដ្រូន

28-09-2025 11:01

(​បែរឡាំង)៖ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt កាលពីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បាននិយាយថាអាល្លឺម៉ង់ចង់ឱ្យយោធារបស់ខ្លួនបាញ់ទម្លាក់ដ្រូន បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីការប្រទះឃើញដ្រូនជាច្រើនគ្រឿងនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ កើតមានឡើងក្រោយមានដ្រូនជាច្រើនគ្រឿងបានហោះចូលទៅក្បែរអាកាសយានដ្ឋាន និងទីតាំងយោធាក្នុងប្រទេសដាណឺម៉ាក និងន័រវែសនារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលលោកខាងលិចសង្ស័យថាជាទង្វើរបស់រុស្ស៉ី។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ។

លោក Dobrindt បានឱ្យដឹងថាដ្រូនជាច្រើនគ្រឿងត្រូវបានប្រទះឃើញកាលពីថ្ងៃសុក្រកន្លងទៅនេះ នៅក្នុងរដ្ឋ Schleswig-Holstein ស្ថិតនៅភាគខាងជើង នៃប្រទេស អាល្លឺម៉ង់ មានព្រំដែនជាប់ជាមួយដាណឺម៉ាក។ លោកបន្ថែមថាខណៈការប្រទះឃើញដ្រូនមានការកើនឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែនមក វត្តមានដ្រូនជាច្រើនគ្រឿងកាលពីថ្ងៃសុក្រ គឺមិនដែលកើតឡើងពីមុនមកទេ។ លោក Dobrindt មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទេ ឬថាតើដ្រូនទាំងនោះជាកម្មសិទ្ធិរបស់ នរណានោះទេ។ តែទីក្រុងបែរឡាំងបានចោទប្រកាន់ជាយូរមកហើយថារុស្ស៉ីបាន និងកំពុងដឹកនាំសកម្មភាពឈ្លបយកការណ៍ និងតាមដាននៅក្នុងសង្រ្គាមកូនកាត់ប្រឆាំងនឹង អឺរ៉ុប។

គួរបញ្ជាក់ថា បើតាមលោក Dobrindt លោកផ្ទាល់បានផ្ដល់យោបល់ឱ្យត្រួតពិនិត្យច្បាប់សុវត្ថិភាពដែនអាកាសឡើងវិញ ដើម្បីអនុញ្ញាតឱ្យយោធាអាល្លឺម៉ង់ បាញ់ទម្លាក់ដ្រូន៕