មន្ត្រីកូរ៉េខាងត្បូង លើកឡើងពីលទ្ធភាពនៃជំនួបអាមេរិក-កូរ៉េខាងជើង ក្នុងឆ្នាំនេះ
28-09-2025 11:47
(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថាលទ្ធភាពនៃការរៀបចំជំនួបមួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាឱកាសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនអាចត្រូវបានច្រានចោលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងកាន់តែជ្រៅ ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានទទួលបរាជ័យ ជុំវិញការដកទណ្ឌកម្ម និងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថាឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនអាចកែប្រែបានទេ បើទោះជាលោក គីម កាលពីពេលថ្មីៗនេះបានបង្ហាញពីឆន្ទៈបើក កិច្ចសន្ទនាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញា នៅក្នុងទីក្រុងញូវយ៉កថាកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចនឹងកើតឡើងនាឱកាសនៃកិច្ចប្រជុំកំពូល APEC ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលាខាងមុខ។ «យើងមិនអាចច្រានចោលលទ្ធភាពដែលអាចទៅរួចនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីដដែល នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការរៀបចំកិច្ចចរចារវាងលោក ត្រាំ និងលោក គីម។
គួរបញ្ជាក់ថា លោក ត្រាំ ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំនេះដែរ។ លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នា៣លើករួចមកហើយក្នុងអាណត្តិទី១របស់លោក ត្រាំ ហើយលោក ត្រាំផ្ទាល់ធ្លាប់បាន លើកឡើងកាលពីខែសីហាកន្លងទៅថាលោកសង្ឃឹមថាអាចនឹងជួបលោក គីម ជាថ្មីនៅក្នុងឆ្នាំនេះ៕