រុស្ស៉ីបាញ់ស្រោចមីស៊ីល និងដ្រូនលើអ៊ុយក្រែន សម្លាប់មនុស្ស ៤នាក់ (Video inside)

28-09-2025 14:26

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា បានអះអាងថារុស្ស៉ីបានបាញ់ស្រោចមីស៊ីល និងដ្រូនទ្រង់ទ្រាយធំលើបណ្ដាទីក្រុងរបស់ខ្លួន ក្នុងនោះរួមមានទាំងទីក្រុងកៀវជាទីដែល មនុស្សយ៉ាងហោច ៤នាក់បានស្លាប់ ខណៈប៉ូឡូញចល័តយន្ដហោះចម្បាំងដើម្បីការពារដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំខាងលើកើតមានឡើង បន្ទាប់ពីរុស្ស៉ីបានព្រមាន NATO ពីផលវិបាក ប្រសិនបើបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះហ៊ានបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី ក្នុងបរិបទដែលប្រទេសជាសមាជិក NATO មួយចំនួនរាយការណ៍ពីការរំលោភបំពានដែនអាកាសដោយយន្ដហោះចម្បាំង និងដ្រូនរបស់រុស្ស៉ី។ ការវាយប្រហារនេះក៏កើតឡើងផងដែរ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បង្ហាញថាអ៊ុយក្រែនទើបតែទទួលបានប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក មួយគ្រឿងពីអ៉ីស្រាអែលសម្រាប់ការប្រើប្រាស់ទប់ទល់នឹងការវាយប្រហារពីរុស្ស៉ី។

ក្រៅតែពីទីក្រុងកៀវ តំបន់ផ្សេងទៀតក៏រងការវាយប្រហារពីរុស្ស៉ីដែរ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៦នាក់ រងរបួសក្នុងនោះមានកុមារ ៣នាក់ នៅទីក្រុង Zaporizhzhia។ លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធប៉ូឡូញបានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម X​ ថាបានចល័តយន្ដហោះចម្បាំងនៅក្នុងដែនអាកាសរបស់ខ្លួន និងបានដាក់ឱ្យ ប្រព័ន្ធការពារដែនអាកាសប្រុងជើងការត្រៀមឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៉ី៕