វ៉េណេស៊ុយអេឡា ធ្វើសមយុទ្ធយោធា ក្រោយសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចម្បាំង (Video inside)

28-09-2025 16:22

(ការ៉ាកាស)៖ វ៉េណេស៊ុយអេឡាបានបើកការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ឆ្នេរកាលពីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចម្បាំងមកក្បែរដែនទឹករបស់ខ្លួន ដែលបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភពីការឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំងទៅកាន់តំបន់សមុទ្រ Caribbean ក្នុងគោលបំណងដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាដើម្បីប្រយុទ្ធប្រឆាំងនឹង ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាមួយការបើកការវាយប្រហារលើទូកយ៉ាងហោច៣គ្រឿងកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះដែលអាមេរិកចោទថាដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡា បណ្ដាលឱ្យមនុស្ស១៤នាក់ស្លាប់។

គួរបញ្ជាក់ថា វ៉េណេស៊ុយអេឡាបានថ្កោលទោសការដាក់ពង្រាយនាវាចម្បាំងអាមេរិកដោយចាត់ទុកថាជាការគំរាមកំហែងយោធា ហើយបានធ្វើសមយុទ្ធយោធាកាលពីថ្ងៃសៅរ៍ នៅក្នុងរដ្ឋ Falcon ស្ថិតនៅភាគពាយព្យ និងរដ្ឋ Sucre ស្ថិតនៅភាគឦសាននៃប្រទេស ចំពេលរដ្ឋាភិបាលទីក្រុងការ៉ាកាសក៏បានចេញបទបញ្ជាឱ្យធ្វើសមយុទ្ធត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ៕