រថក្រោះអ៊ីស្រាអែលរុលចូលកណ្ដាលក្រុងហ្កាហ្សា ខណៈអ្នករបួសរាប់សិបនាក់ជាប់គាំងគ្មានជំនួយ (Video inside)
28-09-2025 18:05
(ហ្កាហ្សា)៖ រថក្រោះអ៊ីស្រាអែល នៅថ្ងៃអាទិត្យបានរុលចូលកាន់តែជ្រៅទៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុងហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ជាប់គាំង ខណៈដែលក្រុមសេវាសង្គ្រោះបន្ទាន់បានអះអាងថា អ៊ីស្រាអែលបានបដិសេធសំណើជួយសង្គ្រោះរបស់ពួកគេរាប់សិបករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមសាក្សី និងក្រុមគ្រូពេទ្យបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅនៅក្នុងសង្កាត់ Sabra, Tel Al-Hawa, Sheikh Radwan និង Al-Naser ដោយខិតជិតទៅដល់កណ្ដាលក្រុង និងតំបន់ភាគខាងលិចនៃទីក្រុងហ្កាហ្សា ដែលជាកន្លែងមនុស្សរាប់សែននាក់កំពុងជ្រកកោន។
ការវាយលុកនេះកើតឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងដំណើរការ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទ បន្ទាប់ពីលោកបានលើកឡើងពីលទ្ធភាពនៃ «កិច្ចព្រមព្រៀងស្តីពីហ្កាហ្សា»។ ទោះជាយ៉ាងនេះក្តី ក្រុមហាម៉ាសបានអះអាងថា ខ្លួនមិនទាន់ទទួលបានសំណើថ្មីណាមួយនៅឡើយទេ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលហ្កាហ្សាបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៧៧នាក់ត្រូវបានសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមណ្ឌលសុខភាពជាច្រើនត្រូវបានបិទទ្វារ ខណៈប្រជាជនរាប់សែននាក់កំពុងជ្រកកោននៅក្នុងតំបន់ដែលកំពុងរងការវាយប្រហារ៕