លោក ត្រាំ ប្រកាសថា «យើងនឹងសម្រេចវាឱ្យបាន» នូវកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា (Video inside)
28-09-2025 20:32
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍នៅថ្ងៃអាទិត្យថា មាន «ឱកាសពិតប្រាកដសម្រាប់ភាពអស្ចារ្យនៅមជ្ឈិមបូព៌ា» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ ឬកាលវិភាគនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានអះអាងថា លោកជិតឈានដល់ការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «យើងមានឱកាសពិតប្រាកដសម្រាប់ភាពអស្ចារ្យនៅមជ្ឈិមបូព៌ា។ គ្រប់គ្នាបានឯកភាពគ្នាសម្រាប់អ្វីដែលពិសេស ជាលើកដំបូងបំផុត។ យើងនឹងសម្រេចវាឱ្យបាន»។ កាលពីថ្ងៃសុក្រ លោក ត្រាំ បាននិយាយថា ការពិភាក្សាលើបញ្ហាហ្កាហ្សាជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ាគឺតឹងតែង ហើយភាគីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក៏បានដឹងពីការពិភាក្សាទាំងនេះ។
គួរបញ្ជាក់ថា យោងតាមមន្ត្រីរដ្ឋបាល, លោក ត្រាំ នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទ នៅសេតវិមាន ក្នុងគោលបំណងឈានដល់ការបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ៕