ដាណឺម៉ាក ហាមឃាត់ការហោះហើរដ្រូន ក្រោយមានការប្រទះឃើញដ្រូនជាថ្មីនៅឯមូលដ្ឋានយោធា (Video inside)

28-09-2025 21:07

(កូប៉ិនហាក)៖ ប្រទេសដាណឺម៉ាក នៅថ្ងៃអាទិត្យ បានចេញបញ្ជាហាមឃាត់ការហោះហើរដ្រូនស៊ីវិល បន្ទាប់ពីដ្រូនជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញនៅឯមូលដ្ឋានយោធាជាច្រើនកន្លែងកាលពីយប់មិញ ដែលកើតឡើងក្រោយមួយសប្តាហ៍ដែលការហោះហើររបស់ដ្រូនបានបណ្តាលឱ្យមានការបិទអាកាសយានដ្ឋានដាណឺម៉ាកជាច្រើនជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាដាណឺម៉ាកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពង្រាយ «សមត្ថភាពជាច្រើន» ដើម្បីឆ្លើយតបទៅនឹងការប្រទះឃើញកាលពីយប់មិញនៅឯមូលដ្ឋាននានា។ ដាណឺម៉ាកបានហៅការហោះហើររបស់ដ្រូនទាំងនេះថាជាផ្នែកមួយនៃ «ការវាយប្រហារកូនកាត់»។ ខ្លួនមិនបានបញ្ជាក់ច្បាស់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ ប៉ុន្តែនាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បានលើកឡើងថា វាអាចជាទីក្រុងម៉ូស្គូ ដោយបានហៅរុស្ស៊ីថាជា «ប្រទេសចម្បងដែលបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប»។ វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។

នៅក្រោមការហាមឃាត់នេះ ដ្រូនស៊ីវិលនឹងត្រូវបានរារាំងមិនឱ្យហោះហើរក្នុងដែនអាកាសដាណឺម៉ាក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលជាពេលដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុប។ រដ្ឋមន្ត្រីការពារជាតិ លោក Troels Lund Poulsen បានបញ្ជាក់ថា «យើងត្រូវតែធានានូវលក្ខខណ្ឌការងារល្អបំផុតសម្រាប់កងកម្លាំងប្រដាប់អាវុធ និងប៉ូលិស នៅពេលដែលពួកគេទទួលខុសត្រូវលើសន្តិសុខក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប»

គួរបញ្ជាក់ថា ដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃពុធ តាមពីក្រោយដោយកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍។ ដើម្បីជួយដល់ការឃ្លាំមើលដែនអាកាសក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏សំខាន់នេះ នាវាចម្បាំងការពារដែនអាកាសរបស់អាល្លឺម៉ង់មួយគ្រឿងក៏បានទៅដល់ទីក្រុងកូប៉ិនហាកកាលពីថ្ងៃអាទិត្យផងដែរ៕