រដ្ឋបាលតាលីបង់ ដោះលែងជនជាតិអាមេរិកម្នាក់ ក្រោយបេសកជនអាមេរិកធ្វេីទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន (Video inside)

29-09-2025 09:46

(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមតាលីបង់ បានដោះលែងពលរដ្ឋអាមេរិកម្នាក់ទៀតពីការឃុំឃាំង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់បេសកជនទីក្រុងវ៉ាស៉ីនតោន លោក Adam Boehler។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Boehler បានទៅកាន់អាហ្វហ្កានីស្ថាន មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមតាលីបង់ប្រគល់ការគ្រប់គ្រងមូលដ្ឋានទ័ពអាកាស Bagram មកឱ្យសហរដ្ឋអាមេរិកវិញជាមួយការគំរាមថានឹងមានរឿងអាក្រក់នឹងកើតឡើង ចំពោះអាហ្វហ្គានីស្ថានប្រសិនបើមិនធ្វេីតាម។

មន្រ្តីរដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា លោក Amir Amiri ដែលជាប់ឃុំនៅអាហ្វហ្គានីស្ថាន តាំងពីខែធ្នូ ឆ្នាំ ២០២៤​ ត្រូវបានដោះលែងតាមរយៈការសម្រុះសម្រួលពីប្រទេសកាតា ហើយធ្វើដំណើរទៅកាន់ទីក្រុង Doha។ Amiri គឺជាពលរដ្ឋអាមេរិកទី ៥ ដែលត្រូវបានដោះលែងដោយរដ្ឋបាលតាលីបង់នៅក្នុងឆ្នាំនេះ ក្រោមការសម្របសម្រួលរបស់កាតា រួមជាមួយប្តីប្រពន្ធជនជាតិអង់គ្លេសដែលត្រូវបានឃុំខ្លួនអស់រយៈពេល ៨ខែផងដែរ៕