សហរដ្ឋអាមេរិក​៖ មនុស្ស៤នាក់ស្លាប់ និង៨នាក់របួស ក្នុងករណីបាញ់ប្រហារនៅព្រះវិហារគ្រិស្ត ក្នុងរដ្ឋ Michigan (Video inside)

29-09-2025 13:23

(វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នាថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា (ពេលវេលាក្នុងតំបន់នៅអាមេរិក) បុរសម្នាក់បានបើករថយន្តបំបុកទ្វារព្រះវិហារគ្រិស្តមួយកន្លែង រួចហើយ​ធ្វើសកម្មភាពបាញ់រះ និងថែមទាំងដុតព្រះវិហារនោះ ជាហេតុបណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់ស្លាប់ និងយ៉ាងហោច៨នាក់ទៀត រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប៉ូលិសអាមេរិក បានប្រាប់ថា ខ្មាន់កាំភ្លើងមានឈ្មោះ Thomas Jacob Sanford អាយុ៤០ឆ្នាំ ជាអតីតទាហានកងម៉ារីនម្នាក់ មកពី​ក្រុង Burton។ ក្រោយធ្វើសកម្មភាពបាញ់ប្រហារ និងដុតព្រះវិហារខាងលើ ខ្មាន់កាំភ្លើងក៏បានស្លាប់ អំឡុងការបាញ់តទល់ជាមួយប៉ូលិស។ បើតាមអាជ្ញាធរអាមេរិក ជនរងគ្រោះ២នាក់ បានស្លាប់ក្នុងការបាញ់ប្រហារ និង៨នាក់បានរងបួស ខណៈប៉ុន្មានម៉ោងក្រោយមក ប៉ូលិសបានរកឃើញសាកសពយ៉ាងហោច២នាក់ ដែលត្រូវបានភ្លើងឆេះនៅក្នុងព្រះវិហារ។

មានមនុស្សសរុបរាប់រយនាក់ ស្ថិតក្នុងព្រះវិហារនៅពេលជនដៃដល់ បើករថយន្តបំបុកចូលទ្វារ។ បើតាមកំណត់ត្រាយោធាអាមេរិក លោក Sanford ធ្លាប់បម្រើជាទាហានម៉ារីន កាលពីចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ និងជាអតីតយុទ្ធជនសង្រ្គាមនៅអ៉ីរ៉ាក់។ គាប់ជួបគ្នា អតីតទាហានម៉ារីនអាយុ៤០ឆ្នាំម្នាក់ទៀត ដែលធ្លាប់បម្រើបេសកកម្មនៅអ៉ីរ៉ាក់ ក៏ជាជនសង្ស័យផងដែរ ក្នុងករណីបាញ់ប្រហារមួយ នៅរដ្ឋ ​North Carolina ដែលកើតឡើងតិចជាង១៤ម៉ោង មុនឧប្បត្តិហេតុនៅ Michigan ហើយ​បានផ្តាច់ជីវិតមនុស្ស៣នាក់ និងបណ្តាលឱ្យរបួស៥នាក់។

គួរបញ្ជាក់ថា យោងតាមអង្គការ Gun Violence Archive ហេតុការណ៍នៅរដ្ឋ Michigan គឺជាករណីបាញ់ប្រហារទ្រង់ទ្រាយធំ លើកទី៣២៤ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ហើយវាក៏ជាករណីទី៣ផងដែរ ក្នុងរយៈពេលតិចជាង២៤ម៉ោង ដែលរាប់បញ្ចូលទាំងករណីនៅ North Carolina និងករណីនៅកាស៉ីណូ ក្នុងតំបន់ Eagle Pass រដ្ឋ Texas ដែលបានសម្លាប់មនុស្ស២នាក់ និងបង្កឱ្យរបួសមួយចំនួនទៀត៕