ចិនផ្តន្ទាទោសប្រហារជីវិត អតីតរដ្ឋមន្រ្តីកសិកម្ម ពាក់ព័ន្ធអំពើពុករលួយ (Video inside)
29-09-2025 14:54
(ប៉េកាំង)៖ លោក Tang Renjian អតីតរដ្ឋមន្រ្តីកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ត្រូវបានតុលាការនៅខេត្ត Jilin ផ្តន្ទាទោសប្រហារជីវិត ដោយព្យួររយៈពេល២ឆ្នាំ ពាក់ព័ន្ធអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។
លោក Tang ត្រូវបានរកឃើញថា បានទទួលសំណូកជាប្រាក់និងទ្រព្យសម្បត្តិ មានតម្លៃសរុបលើស២៦៨លានយាន់ ឬស្មើនឹង៣៧.៦លានដុល្លារ អំឡុងពេលកាន់តួនាទីផ្សេងៗគ្នា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៤។ នៅប្រទេសចិន ការកាត់ទោសប្រហារជីវិត ប៉ុន្តែដោយមានការព្យួរបែបនេះ គឺជាទូទៅក្រោយរយៈពេលព្យួរ ទោសនោះនឹងត្រូវប្តូរមកជា ទោសជាប់ពន្ធធនាគារអស់មួយជីវិតវិញ។
គណបក្សកុម្មុយនិស្តចិន បានបណ្តេញលោក Tang ចេញពីបក្សកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពោលគឺ៦ខែបន្ទាប់ពីលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការស៉ើបអង្កេត របស់អាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយ និងដកហូតមុខតំណែង។ លោក Tang ធ្លាប់បម្រើតួនាទីជាអភិបាលខេត្ត Gansu ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ មុនពេលត្រូវបានតែងតាំងជារដ្ឋមន្រ្តីកសិកម្មនិងកិច្ចការជនបទ។
គួរបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសង្កត់ធ្ងន់ថា អំពើពុករលួយ គឺជាការគំរាមកំហែងធំបំផុត សម្រាប់គណបក្សកុម្មុយនិស្តចិន ហើយនៅតែកំពុងបន្តកើនឡើង៕