កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នឹងពិភាក្សាពីបញ្ហាទិដ្ឋការធុរកិច្ច នៅថ្ងៃស្អែក (Video inside)
29-09-2025 16:10
(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបេីកកិច្ចប្រជុំក្រុមការងារលើកដំបូង ទាក់ទងនឹងការផ្តល់ទិដ្ឋាការសម្រាប់ក្រុមហ៊ុនកូរ៉េ ដែលប្រតិបត្តិការនៅសហរដ្ឋអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កិច្ចពិភាក្សារៀបចំឡើងដើម្បីកែលម្អកម្មវិធីទិដ្ឋាការអាមេរិក សម្រាប់អាជីវកម្មកូរ៉េខាងត្បូងនៅទីនោះ បន្ទាប់ពីមានការវាយឆ្មក់ដ៏ធំដែលនាំទៅដល់ការចាប់ខ្លួនពលករកូរ៉េខាងត្បូងរាប់រយនាក់ នៅឯរោងចក្រ Hyundai Motor ក្នុងរដ្ឋ Georgia កាលពីដើមខែនេះ។
លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់កូរ៉េខាងត្បូង បាននិយាយថា សេអ៊ូលនឹងដោះស្រាយបញ្ហាទិដ្ឋាការ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការវិនិយោគនៅសហរដ្ឋអាមេរិក។ លោក Wi ប្រាប់សន្និសីទសារព័ត៌មានថា យេីងនឹងផ្តោតលេីការធ្វេីឱ្យទិដ្ឋការបច្ចុប្បន្នកាន់តែច្បាស់លាស់ និងស្វែងរកការរចនាប្រភេទថ្មីបន្ថែមពីលើនោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង បានក្លាយជាអ្នកវិនិយោគធំនៅសហរដ្ឋអាមេរិក តាមរយៈការសាងសង់រោងចក្រ ដែលមានពលករជំនាញបច្ចេកទេសខ្ពស់មិនងាយរកបាននៅសហរដ្ឋអាមេរិក។ ប៉ុន្តែកូរ៉េខាងត្បូង មិនទទួលបានទិដ្ឋាការការងារពិសេសពីអាមេរិកនោះទេ៕