សហភាពអឺរ៉ុប បញ្ជាក់ពីការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់
29-09-2025 18:55
(ព្រុចសែល)៖ សហភាពអឺរ៉ុប បានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ស្របពេលដែលមានចំណាត់ការស្រដៀងគ្នានេះពីអង្គការសហប្រជាជាតិ ដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទ្វារសម្រាប់ការចរចាការទូតនៅតែបើកចំហ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សហភាពអឺរ៉ុបបានឱ្យដឹងថា ទណ្ឌកម្មទាំងនោះរួមមានការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអ៊ីរ៉ង់ និងធនាគារអ៊ីរ៉ង់ផ្សេងទៀត ព្រមទាំងការហាមឃាត់ការធ្វើដំណើរលើមន្ត្រីអ៊ីរ៉ង់មួយចំនួន។ សហភាពអឺរ៉ុបក៏បានហាមឃាត់ផងដែរលើការទិញ និងដឹកជញ្ជូនប្រេងឆៅរបស់អ៊ីរ៉ង់ និងការលក់ ឬផ្គត់ផ្គង់មាស និងឧបករណ៍កងទ័ពជើងទឹកមួយចំនួន។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិបានដាក់ឡើងវិញនូវការហាមឃាត់អាវុធ និងទណ្ឌកម្មផ្សេងទៀតលើអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន តាមរយៈដំណើរការមួយដែលផ្តួចផ្តើមដោយមហាអំណាចអឺរ៉ុប ដែលទីក្រុងតេអេរ៉ង់បានព្រមានថានឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លា។
អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានផ្តួចផ្តើមឱ្យមានការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់នៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការចោទប្រកាន់ថា ខ្លួនបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងបញ្ឈប់ខ្លួនពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ៕