លោក ហ្សេលេនស្គី ស្នើបង្កើតខែលការពារដែនអាកាសរួមគ្នាជាមួយសម្ព័ន្ធមិត្ត
29-09-2025 19:19
(វ៉ារស្សាវ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ បានស្នើឱ្យបង្កើតខែលការពារដែនអាកាសរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី ក្រោយពីមានការរំលោភដែនអាកាសជាបន្តបន្ទាប់ ដែលបង្កការព្រួយបារម្ភនៅស្លាបខាងកើតរបស់អង្គការណាតូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់វេទិកាសន្តិសុខទីក្រុងវ៉ារស្សាវ៉ា តាមរយៈវីដេអូ, លោកបានមានប្រសាសន៍ថា «អ៊ុយក្រែនស្នើទៅកាន់ប៉ូឡូញ និងដៃគូរបស់យើងទាំងអស់ ឱ្យបង្កើតខែលការពាររួមគ្នាដែលអាចទុកចិត្តបានទាំងស្រុង ប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាសរបស់រុស្ស៊ី»។ លោកបានបន្ថែមថា «នេះគឺអាចធ្វើទៅបាន។ អ៊ុយក្រែនអាចទប់ទល់នឹងដ្រូន និងមីស៊ីលគ្រប់ប្រភេទរបស់រុស្ស៊ី ហើយប្រសិនបើយើងធ្វើសកម្មភាពរួមគ្នាក្នុងតំបន់ យើងនឹងមានអាវុធ និងសមត្ថភាពផលិតគ្រប់គ្រាន់»។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់សន្និសីទនេះថា «ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប និងអ៊ុយក្រែន ត្រូវតែធ្វើការរួមគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព»។
គួរបញ្ជាក់ថា ក្រោយពីមានការរំលោភដែនអាកាសរបស់រុស្ស៊ី, បណ្តាប្រទេសនៅស្លាបខាងកើតរបស់សម្ព័ន្ធភាព បានឯកភាពគ្នាលើភាពចាំបាច់នៃ «ជញ្ជាំងដ្រូន» មួយ ដែលមានសមត្ថភាពរាវរក តាមដាន និងស្ទាក់ចាប់កម្រិតខ្ពស់។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Pistorius បានព្រមានថា ការបង្កើតប្រព័ន្ធនេះនឹងមិនមែនជាដំណើរការរហ័សនោះទេ ដោយលោកបានបញ្ជាក់ថា វានឹងមិនអាចសម្រេចបានក្នុងរយៈពេលបីឬបួនឆ្នាំខាងមុខនេះឡើយ៕