ហុងគ្រី បិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាការឆ្លើយតបទៅវិញទៅមក
29-09-2025 20:29
(ប៊ុយដាប៉ែស)៖ ហុងគ្រី នៅថ្ងៃចន្ទ បានប្រកាសថា ខ្លួននឹងបិទការចូលទៅកាន់គេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះពីទីក្រុងគៀវ ដែលជាចំណាត់ការមួយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ដែលបានល្អក់កករស្រាប់ កាន់តែយ៉ាប់យ៉ឺនទៅៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Gergely Gulyas បានបញ្ជាក់នៅក្នុងសារមួយលើ Facebook នៅថ្ងៃចន្ទ ដោយប្រកាសពីវិធានការនេះថា «ប្រទេសអធិបតេយ្យមួយត្រូវតែផ្តល់ការឆ្លើយតបសមាមាត្រចំពោះការវាយប្រហារដែលគ្មានហេតុផលទាំងស្រុង»។ លោកថែមទាំងបានព្រមានថា ប្រសិនបើអ៊ុយក្រែនបន្តធ្វើបែបនេះ ខ្លួនគួរតែ «បោះបង់ចោល» បំណងចង់ចូលរួមជាមួយសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា កាលពីដើមខែនេះ អ៊ុយក្រែនបានបិទគេហទំព័រជាច្រើនដែលត្រូវបានចាត់ទុកថាមានទស្សនៈគាំទ្ររុស្ស៊ី ដែលក្នុងនោះមានគេហទំព័រភាសាហុងគ្រីចំនួន ៨។ ជម្លោះនេះឆ្លុះបញ្ចាំងពីភាពតានតឹងដ៏ជ្រៅរវាងប្រទេសទាំងពីរ ដោយរដ្ឋាភិបាលរបស់លោក Viktor Orban តែងតែបង្ហាញជំហរមិនគាំទ្រជំនួយយោធាសម្រាប់អ៊ុយក្រែន និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង៕