លោក ត្រាំ ផ្សព្វផ្សាយផែនការសន្តិភាព មុនជំនួបជាមួយលោក ណេតាន់យ៉ាហ៊ូ ខណៈរថក្រោះអ៊ីស្រាអែលបន្តឈានទៅមុខចូលក្រុងហ្កាហ្សា
29-09-2025 22:39
(វ៉ាស៊ីនតោន)៖ កងរថក្រោះអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានឈានទៅមុខកាន់តែជិតចំកណ្តាលទីក្រុងហ្កាហ្សា ប៉ុន្មានម៉ោងមុនពេលលោក ដូណាល់ ត្រាំ គ្រោងស្វាគមន៍លោក Benjamin Netanyahu នៅសេតវិមាន ដែលជាទីកន្លែងដែលប្រធានាធិបតីអាមេរិករូបនេះ បានសន្យាថានឹងមាន «អ្វីមួយពិសេស» នៅក្នុងការប្រឹងប្រែងចុងក្រោយរបស់លោកដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីការទូតបរាជ័យជិតពីរឆ្នាំ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញផែនការមាន២១ចំណុច ដល់បណ្តារដ្ឋអារ៉ាប់ និងមូស្លីម កាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដោះលែងចំណាប់ខ្មាំងដែលនៅសល់។ ទោះបីលោក ត្រាំ បានប្រកាសថា «គ្រប់គ្នាឯកភាពគ្នា» ក៏ដោយ ក៏មានសញ្ញាបង្ហាញពីការសង្ស័យរបស់អ៊ីស្រាអែលចំពោះសំណើនេះ ព្រមទាំងការប្រកាន់ជំហរខ្លះៗក្នុងចំណោមរដ្ឋអារ៉ាប់ផងដែរ។
អ្នកការទូតបរទេសពីរនាក់នៅតំបន់មជ្ឈិមបូព៌ាបានលើកឡើងថា ផែនការមាន២១ចំណុចរបស់លោក ត្រាំ មិនសូវលម្អិតទេ ហើយជាសំណុំនៃគោលបំណងទូទៅជាង។ ពួកគេបាននិយាយថា អ៊ីស្រាអែលបានជំទាស់នឹងធាតុផ្សំជាច្រើន ហើយកំពុងស្វែងរកការកែប្រែ ខណៈរដ្ឋអារ៉ាប់ក៏កំពុងស្វែងរកការកែសម្រួលខ្លះដែរ។ ប្រភពមួយទៀតដែលស៊ើបដឹងពីការពិភាក្សា បានបញ្ជាក់ថា មន្ត្រីអ៊ីស្រាអែលបានលើកឡើងពីក្តីកង្វល់ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាដូចជាការចូលរួមរបស់កងកម្លាំងសន្តិសុខប៉ាឡេស្ទីននៅហ្កាហ្សាក្រោយសង្គ្រាម។
គួរបញ្ជាក់ថា ក្នុងពេលជាមួយគ្នា ស្ថានភាពនៅទីនោះគ្មានការថមថយឡើយ ដោយអ៊ីស្រាអែលបានបង្កើនការវាយលុកកាន់តែខ្លាំងក្លាបំផុតក្នុងខែនេះ ដែលជាការវាយប្រហារទាំងស្រុងលើទីក្រុងហ្កាហ្សា ដែលលោក Netanyahu បាននិយាយថា លោកមានបំណងកម្ទេចបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស៕